អភិបាលប្រចាំតំបន់អះអាង ពីការវាយប្រហារដោយដ្រូនពីរគ្រឿង លើទីក្រុងភាគខាងលិចរបស់រុស្ស៉ី (Video inside)
02-06-2023 15:57
(មូស្គូ)៖ អភិបាលស្តីទីក្នុងតំបន់បានឲ្យដឹងថា យន្តហោះដ្រូនរយៈចម្ងាយឆ្ងាយចំនួនពីរគ្រឿង បានវាយប្រហារទៅលើ ហេដ្ឋារចនាសម្ព័ន្ធឥន្ធនៈ និងថាមពលនៅក្នុងតំបន់ស្មូលេនស្ក៍ (Smolensk) ដែលស្ថិតនៅឯភាគខាងលិចនៃប្រទេសរុស្ស៉ី ពីវេលាយប់ចន្លោះថ្ងៃសុក្រនិងថ្ងៃសៅរ៍សប្តាហ៍នេះ ប៉ុន្តែមិនមានអ្នករងរបួស ឬអគ្គីភ័យត្រូវបានរាយការណ៍ទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។
អភិបាលតំបន់រូបនោះ បានបន្ថែមថា ការវាយប្រហារបានកើតឡើងលើទីក្រុងនៃតំបន់ស្មូលេនស្ក៍ ចម្ងាយប្រហែល ២៧០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ប៉ុន្តែមិនបាននិយាយថាតើនរណាជាអ្នកធ្វើនោះទេ។ ឧបទ្ទវហេតុនេះកើតឡើង មួយថ្ងៃបន្ទាប់ពីអភិបាលតំបន់ បែលហ្គរូដ (Belgorod) របស់រុស្ស៉ីនិយាយថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បានបាញ់ផ្លោងទីក្រុងព្រំដែនស៉ីបិគីណូ (Shebekino) បំផ្លាញអន្តេវាសិកដ្ឋាន និងអគាររដ្ឋាភិបាលមួយកន្លែង។ យ៉ាងនេះក្តីអ៊ុយក្រែន បានបដិសេធមិនទទួលខុសត្រូវ ចំពោះការវាយប្រហារណាមួយលើទឹកដីរុស្ស៉ីនោះទេ។
គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមរុស្ស៉ី-អ៊ុយក្រែនផ្ទុះឡើង មនុស្សរាប់ម៉ឺននាក់បានស្លាប់ និងរាប់លាននាក់ភៀសខ្លួនទៅបរទេស ហើយរហូតមកទល់នឹងពេលនេះ នៅមិនទាន់មានសញ្ញានៃការបិទបញ្ចប់នោះទេ៕