Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការបោះឆ្នោតប្រធានាធិបតីតួកគី ជុំទី២ ចាប់ផ្ដើមហើយ

28-05-2023 13:30

(អ៉ីស្ដង់ប៊ូល)៖ ការិយាល័យបោះឆ្នោតនៅក្នុងប្រទេសតួកគី បានបើកទ្វារហើយ នៅព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងនៅតួកគី) សម្រាប់ការបោះឆ្នោតជុំទី២ ដែល នឹងសម្រេចថាតើលោក អឺដូហ្កាន់ អាចបន្តកាន់តំណែងជាប្រធានាធិបតីទៀតដែរឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣។

ការិយាល័យបោះឆ្នោតបានបើកទ្វារ នៅម៉ោង ៨៖០០នាទីព្រឹក ហើយនឹងត្រូវបិទទ្វារនៅម៉ោង ៥៖០០នាទីល្ងាច ថ្ងៃអាទិត្យនេះ។ ការបោះឆ្នោតជុំទី២នេះ ត្រូវធ្វើឡើង បន្ទាប់ពីគ្មានបេក្ខជនប្រធានាធិបតីតួកគីណាមួយម្នាក់ អាចរកបានសំឡេងគាំទ្រលើស ៥០ភាគ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅនេះ។

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជុំទី១ លោក អឺដូហ្កាន់ទទួលបានសំឡេងគាំទ្រ ៤៩.៣៩ភាគរយ ខណៈលោក ខេម៉ាល់ ខីលីគដារ៉ូគ្លូ ទទួលបានសំឡេង គាំទ្រ ៤៤.៩២ភាគរយ។ លោក អឺដូហ្កាន់ និងគូប្រជែងរបស់លោកបានប្រកាសរៀងៗខ្លួនថាបានត្រៀមខ្លួនជាស្រេច និងប្ដេជ្ញាយកជ័យជម្នះឱ្យបាន ក្នុងការបោះឆ្នោតជុំទី២៕