Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការបរទេសអាមេរិកចេញមុខព្រមាន ក្រោយក្បួនរថយន្តមន្រ្តីទូតអាមេរិក រងការវាយប្រហារនៅស៊ូដង់ (Video inside)

18-04-2023 16:36

(វ៉ាស៉ីនតោន)៖ បន្ទាប់ពីក្បួនរថយន្តមន្រ្តីទូតរបស់សហរដ្ឋអាមេរិក រងនូវការបាញ់ប្រហារពីសំណាក់ក្រុមយុទ្ធជន ដែលពាក់ព័ន្ធនឹងកងកម្លាំងគាំទ្ររហ័សស៊ូដង់ (RSF) រដ្ឋមន្រ្តីការបរទេស លោក អាន់តូនី ប្លីនខិន នៅថ្ងៃអង្គារ៍នេះបានហៅ សកម្មភាពនោះថាជា «ការមិនប្រុងប្រយ័ត្ន និងគ្មានទំនួលខុសត្រូវ»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។

ហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានជំរុញឲ្យមានការព្រមានដោយផ្ទាល់ពី ប្លីនខិន ក្នុងជំនួបតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយមេដឹកនាំ RSF លោកឧត្តមសេនីយ៍ មហាំម៉េដ ហាដាន់ ដាដាហ្គោ (Mohamed Hamdan Dagalo) និងមេបញ្ជាការកងទ័ពស៊ូដង់ លោកឧត្តមសេនីយ៍ អាប៊ែល ហ្វាតតាហ៍ អាល់បួហាន់ (Abdel Fattah al-Burhan) ដើម្បីប្រាប់ពួកគេថាគ្រោះថ្នាក់ណាមួយដែលបង្កឡើង ចំពោះមន្រ្តីទូតអាមេរិកគឺជារឿងមិនអាចទទួលយកបានឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានចេញពីប្រទេសជប៉ុន អំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 លោក ប្លីនខិន បានគូសបញ្ជាក់ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបរិយាកាសសន្តិសុខទាំងមូល»

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាក្នុងប្រទេសស៊ូដង់បានសម្លាប់មនុស្សកើនឡើងដល់ ១៨៥នាក់ និងរបួសជាង ១,៨០០នាក់ ដោយភាគីទាំងពីរនៅតែទាមទារផលប្រយោជន៍ពីជម្លោះដោយប្រើប្រាស់ការវាយប្រហារតាមអាកាស និងកាំភ្លើងធំ។ មកទល់ពេលនេះ ការប៉ះទង្គិចគ្នានៅតែបន្តបើទោះបីជាមានការអំពាវនាវជាច្រើនពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតឲ្យបញ្ឈប់ការប្រយុទ្ធគ្នា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អេហ្ស៉ីប និងអេមីរ៉ាត់អារ៉ាប់រួមឲ្យមានបទឈប់បាញ់៕