Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង់គ្លេសគ្រោងធ្វើវិសោធនកម្មច្បាប់ ដើម្បីផ្តលអំណាចបន្ថែមដល់ប៉ូលិស ក្នុងការបង្ក្រាបបាតុកម្ម (Video inside)

16-01-2023 16:54

(ឡុងដ៏)៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេសមានផែនការកែសម្រួលច្បាប់ ដើម្បីផ្តល់អំណាចបន្ថែមដល់មន្រ្តីប៉ូលិស ក្នុងការបង្ក្រាបការតវ៉ា ក្រោយពីមានបាតុកម្មបិទផ្លូវ ឬដើរហែក្បួនយឺតៗ ពីក្រុមមនុស្សមួយចំនួន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

វិសោធនកម្មច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដែលនឹងត្រូវដាក់ឱ្យជជែកដេញដោយនៅក្នុងសភា នៅថ្ងៃចន្ទនេះ នឹងពង្រីកនិយមន័យផ្លូវច្បាប់នៃ «ការរំខានធ្ងន់ធ្ងរ» ដោយផ្តល់ឱ្យប៉ូលិសនូវភាពបត់បែន និងភាពជាក់លាក់ប្រសើរជាងមុន កំលុងពេលពួកគេធ្វើអន្តរាគមន៍សកម្មភាពតវ៉ាណាមួយ។ ច្បាប់នេះរួមបញ្ចូលទាំងបទល្មើសព្រហ្មទណ្ឌថ្មី លើអ្នកដែលព្យាយាមបិទខ្ទប់ទីតាំង ឬអគារសាធារណៈណាមួយ ហើយអនុញ្ញាតឲ្យតុលាការរឹតបន្តឹងសេរីភាពរបស់អ្នកតវ៉ា ប្រសិនបើពួកគេត្រូវបានរកឃើញថា បង្កឲ្យមានការរំខានយ៉ាងធ្ងន់ធ្ងរ។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា «សិទ្ធិតវ៉ាជាគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យរបស់យើង ប៉ុន្តែយើងមិនអាចបណ្តោយឱ្យ ការតវ៉ាដែលធ្វើឡើងដោយក្រុមមួយចំនួនតូច រំខានដល់ការរស់នៅរបស់ប្រជាជនទូទៅនោះទេ។ វាជារឿងដែលមិនអាចទទួលយកបាន។ យើងនឹងបញ្ចប់វាឲ្យបានជាដាច់ខាត»

គួរបញ្ជាក់ថា ចលនាប្រឆាំងនឹងសិទ្ធិក្នុងការតវ៉ានេះបានកើតមានឡើង បន្ទាប់ពីក្រុមសកម្មជនមួយចំនួន បានឆ្លៀតឱកាសប្រើយុទ្ធសាស្ត្របំពានថែមទៀតកំលុងពេលធ្វើបាតុកម្ម ដើម្បីជំរុញរដ្ឋាភិបាលឲ្យដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ ដោយការបិទផ្លូវ M25 ជាមហាវិថីដ៏មមាញឹកបំផុតនៅក្នុងក្រុងឡុងដ៍ រួមទាំងបិទផ្នែកខ្លះនៃរាជធានីមួយនេះ។ នៅក្រោមសេចក្តីព្រាងច្បាប់ខាងលើ ប៉ូលិសក្នុងចក្រភពអង់គ្លេស នឹងអាចបញ្ឈប់ការតវ៉ាមុនពេលកើតឡើង ហើយទុកឱកាសឲ្យពួកគេពិចារណាពីផលប៉ះពាល់សរុបនៃការតវ៉ា ជាជាងការដោះស្រាយក្រោយមានបញ្ហាកើតឡើង៕