Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ីថាត្រៀមខ្លួនរួចហើយសម្រាប់ចរចា ប៉ុន្តែអ៊ុយក្រែនថាទីក្រុងមូស្គូចង់គេចពីការទទួលខុសត្រូវ (Video inside)

26-12-2022 11:59

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយភាគីទាំងអស់ ដែលពាក់ព័ន្ធនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនបានបដិសេធមិនចូលរួមក្នុងកិច្ចពិភាក្សា។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២។

ក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋរ៉ូសស៉ីយ៉ា វ័នស៍ (Rossiya 1) ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ លោក ពូទីន បានគូសបញ្ជាក់ថា «យើងត្រៀមខ្លួនរួចជាស្រេចក្នុងការចរចា រកដំណោះស្រាយដែលអាចទទួលយកបាន ប៉ុន្តែនោះវាអាស្រ័យលើពួកគេ។ យើងមិនមែនជាអ្នកបដិសេធក្នុងការចរចានោះទេ»។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីខាយឡូ ប៉ូដូយ៉ាក់ (Mykhailo Podolyak) បានសរសេរនៅលើបណ្តាញ Twitter យ៉ាងដូច្នេះថា «រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយដៃម្ខាង ហើយកំពុងសម្លាប់ពលរដ្ឋ។ តាមពិតរុស្ស៊ីមិនចង់ចរចាទេ ប៉ុន្តែព្យាយាមគេចវេសពីការទទួលខុសត្រូវ»។

គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ លើអ៊ុយក្រែន បានបង្កឲ្យមានមនុស្សស្លាប់ច្រើនបំផុតក្នុងតំបន់អឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ និងការប្រឈមមុខគ្នាដ៏ធំបំផុតរវាងទីក្រុងមូស្គូ និងប្រទេសលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ មក។ រហូតមកដល់ពេលនេះ លទ្ធភាពនៃការបញ្ចប់សង្រ្គាម គឺមានតិចតួចណាស់៕