Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលក្រុងកៀវ៖ «សេណារីយ៉ូសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន ក្នុងរដូវរងានេះគឺគ្រោះថ្នាក់ខ្លាំង» (Video inside)

08-12-2022 11:27

(កៀវ)៖ អភិបាលទីក្រុងកៀវ នៅថ្ងៃពុធសប្តាហ៍នេះបានព្រមានថា និយាយពីរដ្ឋធានីរបស់អ៊ុយក្រែនក្នុងរដូវរងានេះ សេណារីយ៉ូសង្រ្គាមរបស់រុស្ស៉ីគឺមានលក្ខណៈគ្រោះថ្នាក់ខ្លាំង ប្រសិនបើការវាយប្រហារតាមអាកាសរបស់រុស្ស៉ីលើហេដ្ឋរចនាសម្ព័ន្ធនៅតែបន្ត ប៉ុន្តែមិនចាំបាច់ជម្លៀសអ្នកស្រុកនោះទេ គ្រាន់តែត្រូវត្រៀមលក្ខណៈទុកជាមុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយ Reuters លោក វីតាលី គ្លីតស្កូ (Vitali Klitschko) បានគូសបញ្ជាក់ថា «ទីក្រុងកៀវអាចនឹងគ្មានអគ្គិសនី ទឹក និងការផ្គត់ផ្គង់កំដៅ នោះមានន័យថាមហន្តរាយដ៏ធំធេង អាចនឹងកើតមានឡើងដូចក្នុងខ្សែភាពយន្តហូលីវូដ ដូច្នោះដែរ ព្រោះប្រជាជនត្រូវរស់នៅក្នុងផ្ទះដែលមានសីតុណ្ហភាពទាប ឬត្រជាក់ខ្លាំង។ ប៉ុន្តែយើងកំពុងតែតស៊ូ និងធ្វើគ្រប់យ៉ាងដើម្បីឲ្យប្រាកដថារឿងនេះមិនកើតឡើង»

លោក គ្លីតស្កូ បានបន្ថែមថា «ប្រសិនបើនៅតែគ្មានការផ្គត់ផ្គង់អគ្គិសនី ខណៈដែលសីតុណ្ហភាពនៅខាងក្រៅចុះត្រជាក់ខ្លាំង យើងនឹងត្រូវបង្ខំចិត្តបង្ហូរទឹកចេញពីអគារធំៗ។ បើមិនដូច្នេះទេ ទឹកអាចកកធ្វើឲ្យដាច់ខ្សែបណ្តាញផ្គត់ផ្គង់ទឹកទាំងមូល ហើយអគារនានាទាំងស្រុងនឹងមិនមានទឹកសម្រាប់ការប្រើប្រាស់បន្តទៀតឡើយ»

លោក គ្លីតស្កូ ក៏បានជំរុញដល់អ្នកស្រុកឲ្យរៀបចំស្បៀងអាហារ និងទឹក សម្រាប់សង្គ្រោះបន្ទាន់ ព្រមទាំងមានសម្លៀកបំពាក់ និងឯកសារត្រៀមចេញដំណើរភ្លាមៗ ប្រសិនបើការផ្គត់ផ្គង់កំដៅត្រូវបានបិទទាំងស្រុង៕