អតីតអ្នកទម្លាយការសម្ងាត់អាមេរិក Edward Snowden ទទួលបានលិខិតឆ្លងដែនរុស្ស៉ី (Video inside)
03-12-2022 08:43
(មូស្គូ)៖ អតីតជំនួយការព័ត៌មានវិទ្យារបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA និងជាអ្នកទទួលម៉ៅការការងារបន្តពីទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA លោក អែដវ៉ាដ ស្នូដិន (Edward Snowden) ដែលបានទម្លាយការសម្ងាត់អាមេរិក បានស្បថស្មោះស្ម័គ្រជាមួយរុស្ស៉ី និងទទួលបានលិខិតឆ្លងដែនរុស្ស៉ីហើយ។ នេះបើ តាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២។
ព័ត៌មានពីការទទួលបានលិខិតឆ្លងដែនជាផ្លូវការខាងលើ ត្រូវបានប្រកាសដោយមេធាវីរបស់លោក ស្នូដិន គឺលោក អាណាតូលី គូឆេរ៉េណា (Anatoly Kucherena) ប្រាប់សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយការគូសបញ្ជាក់ដូច្នេះ «ជាការពិតណាស់, គាត់ (លោក ស្នូដិន) បានទទួលលិខិតឆ្លងដែន និងបាន ស្បថរួចរាល់ហើយ»។ ប៉ុន្តែ លោក ស្នូដិន មានអាយុ៣៩ឆ្នាំ មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយទេជុំវិញសេចក្ដីរាយការណ៍របស់សារព័ត៌មាន TASS។
គួរបញ្ជាក់ថា លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន កាលពីខែកញ្ញាកន្លងទៅ បានផ្ដល់សញ្ជាតិរុស្ស៉ីឱ្យលោក ស្នូដិន ដែលបានរត់គេចខ្លួនចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីបានទម្លាយការសម្ងាត់របស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA ជុំវិញការលួចស្ដាប់កិច្ចសន្ទនានៃសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន៕