Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុនកំពុងព្យាយាមរៀបចំឱ្យមាន ជំនួបកំពូលរវាងលោក ហ្វូមីអូ គីស៉ីដា និងលោក ស៉ី ជិនពីង ដែលអាចកើតឡើងកំលុងកិច្ចប្រជុំ G20 ឬក៏ APEC (Video inside)

14-11-2022 13:48

(តូក្យូ)៖ អ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា ទីក្រុងតូក្យូកំពុងព្យាយាមធ្វើការចាត់ចែង ដើម្បីរៀបចំឱ្យមាន​ជំនួបកំពូលរវាងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) ហើយនិងប្រធានាធិបតីចិន លោក ស៉ី ជិនពីង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហ៉ីរ៉ូកាហ៊្សូ ម៉ាតស៊ូណូ (Hirokazu Matsuno) បានប្រកាសឱ្យដឹងដូចខាងលើ កំលុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ នៅក្នុងទីក្រុងតូក្យូ នាថ្ងៃចន្ទនេះ ប៉ុន្តែលោកពុំបានរៀបរាប់លម្អិតអ្វីបន្ថែមទៀតឡើយ។ យ៉ាងណាក្តី ជំនួបរវាងលោក គីស៉ីដា និងលោក ស៉ី ទំនងជាអាចនឹងកើតឡើង នៅក្រៅកិច្ចប្រជុំកំពូល G20 ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី ឬមួយក៏នៅក្រៅកិច្ចប្រជុំ APEC ដែលប្រព្រឹត្តិទៅនាថ្ងៃ១៦-១៩ ខែវិច្ឆិកា នៅទីក្រុងបាងកកនៃប្រទេសថៃ ដ្បិតមេដឹកនាំទាំងពីរ សុទ្ធតែត្រូវទៅចូលរួមដូចគ្នា។

គួរបញ្ជាក់ថា ដោយឡែក កំលុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវបានរៀបចំឡើងនៅទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា កាលពីសប្តាហ៍កន្លងទៅនេះ លោក គីស៉ីដា ក៏បានជួបពិភាក្សាគ្នាជាមួយ នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង (Li Keqiang) ផងដែរ ខណៈវាគឺជាជំនួបលើកដំបូងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន និងលោកនាយករដ្ឋមន្រ្តីជប៉ុន ដែលបានឡើងកាន់អំណាច​កាលពីឆ្នាំ២០២១៕