Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុនប្រារព្ធព្យុហយាត្រានាវាយោធា ដែលមានការចូលរួមពី ១២ប្រទេសផ្សេងទៀត ចំពោះមុខភាពតានតឹងនៅតំបន់អាស៉ីខាងកើត (Video inside)

07-11-2022 14:14

(តូក្យូ)៖ កាលពីថ្ងៃអាទិត្យកន្លងទៅ ជប៉ុនបានប្រារព្ធពិធីព្យុហយាត្រាទ័ពជើងទឹកអន្តរជាតិ នៅក្នុងប្រទេសរបស់ខ្លួន ដែលមានការចូលរួម​ពីក្រុមនាវាយោធា មកពីប្រទេស១២ផ្សេងទៀត ដើម្បីជាសញ្ញាសាមគ្គីភាពមួយ ស្របពេលដែលកូរ៉េខាងជើង បានធ្វើតេស្តបាញ់មីស៉ីលក្នុងចំនួនច្រើនមិនធ្លាប់មាន ហើយទន្ទឹមគ្នាចិនឯណោះវិញ ក៏ហាក់បង្កើនសម្ពាធសកម្មភាពយោធា កាន់តែខ្លាំងទៅលើតៃវ៉ាន់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ព្យុហយាត្រានាវាយោធាខាងលើ ត្រូវបានរៀបចំឡើងនៅឆកសមុទ្រសាហ្កាមី (Sagami Bay) ក្បែរទីក្រុងតូក្យូ ហើយមានការចូលរួមពី​នាវាសរុប៣៨គ្រឿង ក្នុងនោះ១៨គ្រឿង មកពីប្រទេសជាមិត្ត រួមមានសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ចក្រភពអង់គ្លេស អូស្រ្តាលី សិង្ហបុរី ឥណ្ឌា និងថៃ ជាដើម។ កំលុងព្រឹត្តិការណ៍នោះ យន្តហោះសរុបចំនួន ៣៣គ្រឿង ក៏បានហោះកាត់ក្បួនព្យុហយាត្រា ពីលើផ្ទៃមេឃផងដែរ ដែលរួមមានទាំងយន្តហោះល្បាត និងឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក។

ថ្លែងពីលើនាវាផ្ទុកឧទ្ធម្ភាគចក្រ អ៉ីហ៊្សូម៉ូ (Izumo) នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) បានលើកឡើងដូច្នេះថា «ពួកយើងចាំបាច់ត្រូវត្រៀមខ្លួនឱ្យរួចរាល់ សម្រាប់អ្នកដែលបំពានច្បាប់និងអ្នកដែលប្រើកម្លាំង ដើម្បីបំផ្លិចបំផ្លាញសន្តិភាពនិងសន្តិសុខរបស់​ប្រទេសដទៃ»

គួរបញ្ជាក់ថា ពិធីព្យុហយាត្រានោះ​ ធ្វើឡើងក្នុងឱកាសខួប៧០ឆ្នាំ នៃការបង្កើតកងកម្លាំងស្វ័យការពារជើងទឹក ហៅកាត់ថា JMSDF របស់ប្រទេសជប៉ុន។ គណបក្សប្រជាធិបតេយ្យសេរីរបស់លោក គីស៉ីដា បានសន្យាថានឹងបង្កើន កញ្ចប់ថវិកាការពារជាតិរបស់ជប៉ុនក្នុងកម្រិតទ្វេដង គឺឱ្យដល់ខ្ទង់២ភាគរយនៃអត្រា GDP នៃប្រទេសជប៉ុន ក្នុងរយៈពេល៥ឆ្នាំ៕