លោក Lula ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីល (Video inside)
31-10-2022 08:38
(ប្រាស៊ីលីយ៉ា)៖ លោក ល្វីស អ៉ីណាត្យូ លូឡា ដា ស៊ីលវ៉ា (Luiz Inácio Lula da Silva) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីល កាលពី ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយបានផ្ដួលប្រធានាធិបតីបច្ចុប្បន្ន លោក ហ្សាអៀ បុលសូណារ៉ូ (Jair Bolsonaro)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។
បើតាមអាជ្ញាធរៀបចំការបោះឆ្នោតរបស់ប្រេស៊ីល លោក លូឡា ទទួលបានសំឡេងគាំទ្រ ៥០.៨ភាគរយ ខណៈលោក បុលសូណារ៉ូ ទទួលបានសំឡេងគាំទ្រ ៤៩.២ភាគរយ។ ប៉ុន្តែ គេមិនទាន់ដឹងថាតើលោក បុលសូណារ៉ូ នឹងទទួលស្គាល់បរាជ័យរបស់ខ្លួនដែរឬក៏យ៉ាងណានោះទេ បន្ទាប់ពីលោកផ្ទាល់ធ្លាប់បានអះអាង ជារឿយៗដោយគ្មានភស្តុតាងថាការបោះឆ្នោតត្រូវបានលួចបន្លំ។ យ៉ាងណាក៏ដោយ ថ្លែងទៅកាន់អ្នកគាំទ្រ លោក លូឡា បានអរគុណយ៉ាងខ្លាំងដល់ប្រជាជន ប្រេស៊ីលដែលបានបោះឆ្នោតគាំទ្ររូបលោក។
គួរបញ្ជាក់ថា ជាប្រពៃណីនៅក្នុងប្រទេសប្រេស៊ីល បេក្ខជនប្រធានាធិបតីដែលទទួលបរាជ័យ ត្រូវចេញមុខនិយាយមុនគេ ហើយយល់ព្រមទទួលយកលទ្ធផល បោះឆ្នោត មុននឹងប្រធានាធិបតីថ្មីត្រូវថ្លែងសារទៅកាន់ប្រជាជាតិ៕