Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីម៉ាឡេស៉ីប្រកាសរំលាយសភា និងស្នើឱ្យរៀបចំការបោះឆ្នោតមុនអាណត្តិ

10-10-2022 18:06

(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អ៉ីស្មែល សាប្រ៊ី យ៉ាកូប (Ismail Sabri Yaakob) បានប្រកាសថា សភានឹងត្រូវរំលាយ​នាថ្ងៃចន្ទនេះ ដើម្បីបើកផ្លូវឱ្យមានការរៀបចំ ការបោះឆ្នោតសកលមុនអាណត្តិ ដែលត្រូវគេរំពឹងថានឹងប្រព្រឹត្តទៅនៅកំលុងខែវិច្ឆិកា ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។

លោក អ៉ីស្មែល បាននិយាយថា លោកបានចូលគាល់ព្រះមហាក្សត្រម៉ាឡេស៉ី ព្រះចៅស៊ូលតង់ អាឌូឡោះ ស៊ូលតង់ អាម៉េដ ស្សា (Abdullah Sultan Ahmad Shah) កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយទ្រង់បានសម្រេចព្រះទ័យយល់ព្រម ឱ្យមានការរំលាយសភា។ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានសម្រេចស្នើឱ្យរៀបចំការបោះឆ្នោតមុនអាណត្តិបែបនេះ គឺចំគ្រាដែលមានការរិះគន់មកលើ ​ភាពស្របច្បាប់នៃរដ្ឋាភិបាលលោក ខណៈលោកគឺជានាយករដ្ឋមន្រ្តីទី៣ ក្នុងរយៈពេលត្រឹមជាង៤ឆ្នាំប៉ុណ្ណោះ។

លោក អ៉ីស្មែល បានថ្លែងយ៉ាងដូច្នេះថា «តាមរយៈសេចក្តីប្រកាសនេះ អំណាចនឹងត្រូវផ្តល់ត្រឡប់ទៅកាន់ប្រជាជនសាជាថ្មី។ អំណាចរបស់ប្រជាជន គឺជាថ្នាំបន្សាបដ៏មានឥទ្ធិពល ដើម្បីបង្កើតរដ្ឋាភិបាលមួយ ដែលរឹងមាំនិងមានស្ថិរភាព»។ លោក អ៉ីស្មែល បានឡើងជានាយករដ្ឋមន្រ្តី កាលពីខែសីហា ឆ្នាំ២០២១ បន្តពីលោក មូហ៉ីយីដឌីន យ៉ាស្ស៉ីន (Muhyiddin Yassin) ដែលបានបាត់បង់​សំឡេងគាំទ្រភាគច្រើនក្នុងសភា។ ចំណែកលោក មូហ៉ីយីដឌីន បានឡើងជានាយករដ្ឋមន្រ្តី កាលពីខែមីនា ឆ្នាំ២០២០ បន្តពីលោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) ដែលបានសម្រេចលាលែងពីតំណែង ដោយពុំមាននរណារំពឹងទុកជាមុន។ លោក មហាធៀរ បានក្លាយជានាយករដ្ឋមន្រ្តី កាលពីខែឧសភា ឆ្នាំ២០១៨ ក្រោយសម្ព័ន្ធគណបក្សរបស់លោក ទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល។

គួរបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតម៉ាឡេស៉ី ទំនងជានឹងជួបប្រជុំគ្នាក្នុងសប្តាហ៍នេះ ដើម្បីប្រកាសកំណត់យក​កាលរិច្ឆេទ នៃការបោះឆ្នោតសាកលមុនអាណត្តិ ដែលចាំបាច់ត្រូវតែធ្វើឡើងក្នុងចន្លោះពេល៦០ថ្ងៃ រាប់ចាប់ពីថ្ងៃរំលាយសភា។ បើតាមការរំពឹងទុក ការបោះឆ្នោតនេះ អាចនឹងប្រព្រឹត្តទៅនៅខ្ទង់ដើមខែវិច្ឆិកាខាងមុខ មុនរដូវមូសុងចុងឆ្នាំ ដែលជារឿយៗនាំមក​នូវគ្រោះទឹកជំនន់យ៉ាងអាក្រក់ៗ៕