Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហភាពអឺរ៉ុប នឹងបញ្ជូនបេសកកម្មស៊ីវិល ទៅកាន់អាមេនី ដើម្បីជួយកំណត់បន្ទាត់ព្រំដែនជាមួយអាស៊ែបៃហ្សង់ (Video inside)

07-10-2022 10:49

(ព្រុចសែល)៖ សហភាពអឺរ៉ុប នឹងបញ្ជូន «បេសកកម្មស៊ីវិលរបស់ខ្លួន» ទៅកាន់ប្រទេសអាមេនី ដើម្បីជួយកំណត់បន្ទាត់ព្រំដែនជាមួយអាស៊ែបៃហ្សង់ បន្ទាប់ពីមាន កិច្ចប្រជុំមួយជាមួយបារាំងក្នុងទីក្រុងប្រាក (Prague) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២។

បើតាមសេចក្ដីថ្លែងការណ៍រួមមួយចេញផ្សាយនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ផាស៊ីនយ៉ាន (Nikol Pashinyan) និងប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៉ីលហាំ អាលីយេវ (Ilham Aliyev) ជាមួយប្រធានាធិបតីបារាំង លោក ម៉ាក្រុង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល (Charles Michel) បេសកកម្មសហភាពអឺរ៉ុបខាងលើ នឹងចាប់ផ្ដើមនៅក្នុងខែតុលានេះ ដោយមានរយៈពេលអតិបរមា ២ខែ។

សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា «នេះគឺជាកិច្ចព្រមព្រៀងមួយធ្វើឡើងដោយអាមេនី ដើម្បីជួយសម្រួលដល់ជាបេសកកម្មស៊ីវិលសហភាពអឺរ៉ុប នៅតាមបណ្ដោយព្រំដែនជាមួយអាហ្សែរបៃហ្សង់។ ចំណែកឯ អាស៊ែបៃហ្សង់ក៏បានឯកភាពនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយបេសកកម្មនេះដែរ...បេសកកម្មនេះ មានគោលដៅកសាងទំនុកចិត្ត និងចូលរួមចំណែកដល់សន្តិភាពនៅតំបន់ព្រំដែន»

គួរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅនេះ ការផ្ទុះអាវុធនៅតំបន់ព្រំដែនរវាងអាមេនី និងអាស៊ែបៃហ្សង់ បានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ២៨៦នាក់ នៃភាគីទាំង សងខាង មុននឹងទទួលយកបទឈប់បាញ់មួយក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក៕