Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការមីយ៉ាន់ម៉ា ផ្តន្ទាទោសលោកស្រី អោងសាន ស៊ូជី និងសេដ្ឋវិទូអូស្រ្តាលី ឱ្យជាប់ពន្ធនាគារម្នាក់៣ឆ្នាំ (Video inside)

29-09-2022 13:53

(ណៃពិដោ)៖ នៅថ្ងៃព្រហស្បតិ៍នេះ តុលាការនៅប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នស្ថិតក្រោម ការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធា បានសម្រេចផ្តន្ទាទោសអតីតមេដឹកនាំ លោកស្រី អោងសាន ស៊ូជី ព្រមទាំងអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី គឺលោក សន ថឺនណេល (Sean Turnell) ដែលជាជនជាតិអូស្រ្តាលី ឱ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី ស៊ូជី និងលោក ថឺនណេល ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់កិច្ចការសម្ងាត់រដ្ឋ ដែលមានទម្ងន់ទោសជាអតិបរមាគឺ ១៤ឆ្នាំក្នុងពន្ធនាគារ ខណៈអ្នកទាំងពីរសុទ្ធតែបានប្រកាន់ជំហរថា មិនបានប្រព្រឹត្តអ្វីខុសដូចការចោទប្រកាន់ឡើយ។ ប្រភពដែលដឹងលឺអំពីសវនាការកាត់ទោស ដែលត្រូវបានធ្វើឡើងដោយមិនបើកចំហ នៅឯរដ្ឋធានីណៃពិដោនេះ បានបង្ហើបប្រាប់ថា លោកស្រី ស៊ូជី និងលោក ថឺនណេល ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់៣ឆ្នាំ។

គួរបញ្ជាក់ថា ក្នុងសំណុំរឿងដាច់ដោយឡែក កាលពីពេលកន្លងមក លោកស្រី អោងសាន ស៊ូជី គឺត្រូវបានតុលាការកាត់ទោសឱ្យជាប់ ពន្ធនាគារសរុបរយៈពេលជាង ១៧ឆ្នាំរួចស្រេចហើយ ដោយការចោទប្រកាន់ភាគច្រើន ពាក់ព័ន្ធនឹងអំពើពុករលួយ។ ពាក់ព័ន្ធនឹងការឃុំខ្លួនលោក សន ថឺនណេល នៅមីយ៉ាន់ម៉ា រដ្ឋាភិបាលអូស្រ្តាលី ធ្លាប់បានទទូចឱ្យមានការដោះលែងលោកវិញជាបន្ទាន់ ហើយច្រានចោល ការសម្រេចចិត្តរបស់តុលាការមីយ៉ាន់ម៉ា ក្នុងការបើកសវនាការជំនុំជម្រះក្តីលើរូបលោក៕