Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Khan សុំទោសចំពោះករណីមើលងាយតុលាការ

22-09-2022 21:33

(អ៊ីស្លាម៉ាបាដ)៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានធ្វើការសុំទោសក្នុងការមើលងាយលើសំណុំរឿងរបស់តុលាការ ដែលកាយវិការនេះត្រូវបានគេមើលឃើញថា វាអាចជួយគាត់ឱ្យជៀសផុតពីការដកសិទ្ធិពីនយោបាយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

មេធាវី លោក Faisal Chaudhry បាននិយាយថា តុលាការបានពន្យារពេលការសម្រេចចិត្តថា តើត្រូវចោទប្រកាន់ លោក Khan ដែរឬទេ។ លោកបានបន្ថែមថា តុលាការបានណែនាំអ្នកនយោបាយ ឱ្យដាក់លិខិតសុំទោសជាលាយលក្ខណ៍អក្សរដោយគ្មានលក្ខខណ្ឌ នៅត្រឹមថ្ងៃទី០៣ខែតុលាខាងមុខ។

ការចោទប្រកាន់នេះ គឺជាប់ទាក់ទងទៅនឹងសុន្ទរកថារបស់លោក Khan ដែលគាត់បានចោទប្រកាន់ថា មានការគំរាមកំហែងពីប៉ូលីស និងមន្ត្រីតុលាការកាលពីខែមុន បន្ទាប់ពីសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គាត់ម្នាក់ ត្រូវបានបដិសេធមិនឲ្យនៅក្រៅឃុំក្នុងសំណុំរឿងបះបោរមួយ។

លោក Chaudhry បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា «តុលាការបានកោតសរសើរចំពោះកាយវិការនេះ» ដោយបន្ថែមថា លោករំពឹងថាបទចោទប្រកាន់ភាគច្រើន នឹងត្រូវបានទម្លាក់បន្ទាប់ពីការសុំទោស៕