ប៉ូឡូញបង្ហាញចំណាប់អារម្មណ៍ចង់ទិញថាមពលអគ្គិសនី ពីរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន (Video inside)
10-09-2022 10:03
(វ៉ាសូវី)៖ នាយករដ្ឋមន្រ្តីប៉ូឡូញ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហើបឱ្យដឹងថា ប៉ូឡូញចាប់អារម្មណ៍ក្នុងការទិញថាមពលអគ្គិសនី ពីស្ថានីយថាមពលនុយក្លេអ៊ែរ ខ្មេលនីតស្គី (Khmelnytskyi) របស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២។
នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាទីយូស ម៉ូរ៉ាវៀគី (Mateusz Morawiecki) បានលើកឡើងដូចខាងលើ នៅទីក្រុងកៀវ ក្រោយជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy)។ បើតាមអ្នកនាំពាក្យរបស់លោក កំលុងឱកាសបំពេញទស្សនកិច្ច នៅរដ្ឋធានីរបស់អ៊ុយក្រែន លោកនាយករដ្ឋមន្រ្តីប៉ូឡូញ បានបើកកិច្ចប្រជុំមួយចំនួន ដើម្បីពិភាក្សាអំពី ស្ថានការណ៍ភូមិសាស្រ្តនយោបាយ, ទីផ្សារថាមពល, និងសន្តិសុខយោធា ជាដើម។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក ហ្សេលេនស្គី លោក ម៉ូរ៉ាវៀគី បាននិយាយយ៉ាងដូច្នេះថា «បើយើងអាចទទួលបានថាមពលអគ្គិសនី ខ្លះបន្ថែមទៀតពីអ៊ុយក្រែន គឺពិតជាប្រសើរ។ ខ្ញុំលឺពីលោកប្រធានាធិបតី ហ្សេលេនស្គី ថាក្នុងពេលឆាប់ៗ អ៊ុយក្រែននឹងអាចលក់ថាមពលពីរោងចក្រនុយក្លេអ៊ែរ ខ្មេលនីតស្គី ហើយខ្ញុំសូមអរគុណរូបលោក សម្រាប់រឿងនោះ»។
គួរបញ្ជាក់ថា បច្ចុប្បន្ន អ៊ុយក្រែនកំពុងតែលក់ចេញថាមពលអគ្គិសនីខ្លះៗ រួចស្រេចហើយ ដោយឱ្យទៅហុងគ្រីនិងស្លូវ៉ាគី រួមជាមួយថាមពលប្រមាណ ២០០មេហ្កាវ៉ាត់ ឱ្យទៅប៉ូឡូញស្រាប់ផងដែរ៕