BREAKING: យោធាតៃវ៉ាន់ផ្លាស់ទីតាំងយន្តហោះចម្បាំងរបស់ខ្លួន នៅមុនដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៉ី (Video inside)
02-08-2022 16:01
(តៃប៉ិ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់តៃវ៉ាន់ នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា យោធាតៃវ៉ាន់បានផ្លាស់ទី ក្រុមយន្តហោះចម្បាំង Mirage 2000 ហើយនិងបរិក្ខារយោធាដ៏ទៃទៀត ចេញពីមូលដ្ឋានមួយ ទៅកាន់មូលដ្ឋានមួយផ្សេងទៀត នៅមុនដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី (Nancy Pelosi) ដែលត្រូវគេរំពឹងថា នឹងកើតឡើងក្នុងថ្ងៃនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។
សារព័ត៌មានតៃវ៉ាន់ China Times បានអះអាងថា យន្តហោះចម្បាំង Mirage ចំនួន៨គ្រឿងបន្ថែម ត្រូវបានផ្លាស់ទៅកាន់ មូលដ្ឋានទ័ពអាកាស ឈីហាង (Chihhang) ខណៈនៅទីនោះមាន ២គ្រឿងស្រាប់។ មូលដ្ឋាននេះ ស្ថិតនៅតំបន់ភាគអាគ្នេយ៍នៃដែនកោះតៃវ៉ាន់ ខណៈយន្តហោះរបស់លោកស្រី ផេឡូស៉ី ត្រូវគេរំពឹងថា នឹងធ្វើដំណើរឆ្ពោះមកតៃវ៉ាន់ ពីទិសដៅនោះ។
យោងតាមប្រភពដដែល ទ័ពជើងទឹកតៃវ៉ាន់ក៏បានដាក់ពង្រាយ ឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកចំនួន ២គ្រឿងបន្ថែម ដើម្បីល្បាតផ្ទៃទឹក នៅជុំវិញដែនកោះនេះផងដែរ។
គួរបញ្ជាក់ថា ខណៈនេះ យន្តហោះដែលដឹកលោកស្រី ផេឡូស៉ី បានធ្វើដំណើរចាកចេញពីម៉ាឡេស៉ីហើយ ដែលជាប្រទេសទី២ បន្ទាប់ពីសិង្ហបុរី នៅក្នុងការបំពេញទស្សនកិច្ចរបស់លោកស្រី មកកាន់តំបន់អាស៉ី។ ស្របពេលប្រទេសជាគោលដៅផ្លូវការ ២ទៀត គឺកូរ៉េខាងត្បូង និងជប៉ុនក៏ដោយ លោកស្រី ត្រូវគេរំពឹងថា កំពុងឆ្ពោះមកកាន់កោះតៃវ៉ាន់៕