Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អាន់តូនី ប្លីងកិន៖ សហរដ្ឋអាមេរិក នឹងពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ តែក្នុងកាលៈទេសៈចាំបាច់ខ្លាំងបំផុតប៉ុណ្ណោះ (Video inside)

02-08-2022 13:17

(យូអិន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងកិន (Antony Blinken) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានលើកឡើងថា សហរដ្ឋអាមេរិកនឹងពិចារណាលើ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ តែនៅក្នុងកាលៈទេសៈដ៏ចាំបាច់ខ្លាំងបំផុតប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន TASS នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។

លោក ប្លីងកិន បាននិយាយយ៉ាងដូច្នេះថា «ដរាបណាអាវុធនុយក្លេអ៊ែរនៅតែមាន តួនាទីជាមូលដ្ឋាននៃអាវុធនុយក្លេអ៊ែរបស់អាមេរិក គឺដើម្បីទប់ស្កាត់កុំឱ្យមានការវាយប្រហារនុយក្លេអ៊ែរ មកលើសហរដ្ឋអាមេរិក ក៏ដូចជាមកលើបណ្តាសម្ព័ន្ធមិត្តនិងដៃគូរបស់យើង។ សហរដ្ឋអាមេរិកនឹងពិចារណាលើ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ តែនៅក្នុងកាលៈទេសៈដែលចាំបាច់ខ្លាំងបំផុតប៉ុណ្ណោះ ដើម្បីការពារផលប្រយោជន៍សំខាន់ៗ របស់ខ្លួនផ្ទាល់ ព្រមទាំងរបស់សម្ព័ន្ធមិត្តនិងដៃគូ»

លោក ប្លីងកិន ក៏បានផ្តល់ការធានាផងដែរថា ទីក្រុងវ៉ាស៉ីនតោន នឹងមិនយកអាវុធនុយក្លេអ៊ែររបស់ខ្លួន ទៅធ្វើការគំរាមកំហែងលើ ប្រទេសមិនមានអាវុធនុយក្លេអ៊ែរ ដែលបានចូលរួមក្នុងសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ NPT នោះឡើយ។

គួរបញ្ជាក់ថា សេចក្តីអត្ថាធិប្បាយដូចខាងលើ របស់លោកប្រមុខការទូតអាមេរិក ត្រូវបានធ្វើឡើងកំលុងសន្និសីទលើកទី១០ ស្តីពីការត្រួតពិនិត្យលើសន្ធិសញ្ញា NPT ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាល របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក នៃសហរដ្ឋអាមេរិក៕