Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីរុស្ស៉ី ចោទថា អ៊ុយក្រែនវាយប្រហារដោយយន្ដហោះដ្រូន លើទីស្នាក់ការកងទ័ពជើងទឹកប្រចាំតំបន់សមុទ្រខ្មៅ (Video inside)

31-07-2022 14:23

(ឡុងដ៍)៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងគ្រីមៀ គ្រប់គ្រងដោយរុស្ស៉ីបានចោទប្រកាន់អ៊ុយក្រែនថា​ បានបើកកា​រ​វា​យ​ប្រហារដោយយន្ដហោះដ្រូន លើទីស្នាក់ការកណ្ដាល នៃកងទ័ពជើងទឹករុស្ស៉ីប្រចាំតំបន់សមុទ្រខ្មៅ នៅមុនការរៀបចំការប្រារព្ធពិធីទិវាកងទ័ពជើងទឹក (Navy Day) ដោយបណ្ដាលឱ្យមនុស្ស៥នាក់រងរបួស និងបង្ខំឱ្យ អាជ្ញាធរលុបចោលពិធីរៀបចំនានា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញតេឡាក្រាម (Telegram) នៅថ្ងៃអាទិត្យនេះ លោក មីកាអែល រ៉ាស់វ៉ូសហាយេវ (Mikhail Razvozhayev) ជាអភិបាលទីក្រុង សេវ៉ាស្ដូប៉ូល (Sevastopol) ជាទីដែលកងទ័ពរុស្ស៉ីប្រចាំតំបន់សមុទ្រខ្មៅកំពុងឈរជើង បានបញ្ជាក់ថា មានវត្ថុមិនស្គាល់អត្ដសញ្ញាណមួយបានហោះចូលតំបន់ ទីស្នាក់ការកណ្ដាល និងបើកការវាយប្រហារ ហើយបើតាមព័ត៌មានបឋមវត្ថុមិនស្គាល់អត្តសញ្ញាណគឺជាយន្ដហោះដ្រូន។ លោកបន្ថែមថាអ៊ុយក្រែនមានបំណងរំខាន ដល់ការរៀបចំទិវាកងទ័ពជើងទឹករុស្ស៉ី តែខាងអ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេឆ្លើយតបទៅនឹងការចោទប្រកាន់នេះ។

គួរបញ្ជាក់ថា ការចោទប្រកាន់ខាងលើ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងប្រធានាធិបតីរុស្ស៉ី លោក ពូទីន ត្រូវចូលរួមដោយផ្ទាល់ក្នុងការប្រារព្ធទិវាកងទ័ព ជើងទឹករុស្ស៉ី នៅឯទីក្រុងសាំង ភីតធើស្បឺគ (St Petersburg)៕