Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក ថាគ្រោងនឹងចំណាយយ៉ាងច្រើន ដើម្បីឱ្យរុស្ស៉ីដោះលែងពលរដ្ឋអាមេរិក កំពុងជាប់ឃុំ (Video inside)

28-07-2022 09:31

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្ល៊ីនខិន (Antony Blinken) នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាសហរដ្ឋអាមេរិក គ្រោងនឹងចំណាយយ៉ាងច្រើន ដើម្បីឱ្យរុស្ស៉ីដោះលែងពលរដ្ឋអាមេរិកដែលកំពុងជាប់ឃុំ មុននឹងលោកត្រូវជួបពិភាក្សាជាមួយសមភាគីរុស្ស៉ីរបស់ លោកនៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ប្ល៊ីនខិន បានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោន នឹងផ្ដល់ឱ្យទីក្រុងមូស្គូ នូវកិច្ចព្រមព្រៀងមួយជាថ្នូរនឹងការដោះលែង តារាបាល់បោះឈ្មោះ ប្រ៊ីតនី គ្រីនឺ (Brittney Griner) និងអតីតទាហានម៉ារីនអាមេរិកឈ្មោះប៉ូល វែលឡិន (Paul Whelan) ហើយលោកផ្ទាល់ក៏ រំពឹងដែរថានឹងមានភាពរីកចម្រើនទៅមុខពាក់ព័ន្ធនឹងបញ្ហានេះ នៅពេលដែលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ។

តែទោះជាបែបនេះក្ដី ខាងក្រសួងការបរទេសរុស្ស៉ី មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ខណៈលោក ប្ល៊ីនខិន ក៏មិនបានបញ្ជាក់ថាតើការចំណាយ យ៉ាងច្រើន ឬកិច្ចព្រមព្រៀងដែលផ្ដល់រុស្ស៉ីគឺជាសំដៅទៅលើអ្វីឱ្យបា្រកដនោះទេ។ ប៉ុន្តែបើតាមសារព័ត៌មាន CNN ទីក្រុងវ៉ាស៊ីនតោនមានបំណង ដោះលែងពលរដ្ឋរុស្ស៉ីម្នាក់ឈ្មោះ វ៉ិចទ័ ប៊ូត (Viktor Bout) ដែលកំពុងអនុវត្តទោសជាប់ពន្ធនាគារ២៥ឆ្នាំ ក្នុងសហរដ្ឋអាមេរិកជាផ្នែកមួយនៃ កិច្ចព្រមព្រៀងជាមួយរុស្ស៉ី៕