កូរ៉េខាងជើង រៀបចំព្រឹត្តិការណ៍សាធារណៈទ្រង់ទ្រាយធំ ដោយគ្មានការពាក់ម៉ាសជាលើកដំបូង ចាប់តំាងពីប្រកាសអាសន្នកូវីដ១៩ (Video inside)
27-07-2022 12:06
(សេអ៊ូល)៖ កូរ៉េខាងជើង បានរៀបចំព្រឹត្តិការណ៍សាធារណៈដ៏ធំមួយ ដោយគ្មានការពាក់ម៉ាសជាលើកដំបូង ចាប់តាំងពីបានប្រកាសភាពអាសន្ននៃ ជំងឺកូវីដ១៩ កាលពីឧសភាកន្លងទៅ ដើម្បីរំឮកដល់អតីតយុទ្ធជនសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ខណៈប្រទេសមួយនេះប្រកាសថានឹងជិតឈាន ដល់ការដោះស្រាយបញ្ចប់វិបត្តិកូវីដ ១៩។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។
ពិធីរំឮកខួបលើកទី៦៩ ដល់អតីតយុទ្ធជនសម័យសង្រ្គាមកូរ៉េ បានរៀបចំឡើងក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ រូបភាពដែលចេញ ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃពុធនេះ បានបង្ហាញឲ្យឃើញពីអ្នកចូលរួមរាប់ពាន់នាក់ ដោយមិនពាក់ម៉ាស រួមទាំងមានមន្រ្តីជាន់ខ្ពស់ នៃគណបក្សពលករកំពុងកាន់អំណាច និងអតីតយុទ្ធជនចាស់ជរាផងដែរ។ តែលោក គីម ជុងអ៊ុន មិនបានចូលរួមក្នុងព្រឹត្តិការណ៍នេះទេ ហើយដែល ពិធីនេះតែងតែត្រូវបានរៀបចំជាប្រចាំឆ្នាំនៅថ្ងៃទី២៧ ខែកក្កដា។
កូរ៉េខាងជើងដែលត្រូវបានគេហៅថា ជាប្រទេសឯកោមួយនេះ បានប្រកាសកាលពីដើមខែកក្កដាថា ខ្លួនកំពុងស្ថិតនៅលើផ្លូវនៃការឈានទៅ រកការបញ្ចប់វិបត្តិកូវីដ១៩។
គួរបញ្ជាក់ថា នៅថ្ងៃពុធនេះដែរ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានរាយកាណ៍ពីករណីជំងឺគ្រុនក្តៅចំនួន១៨នាក់ សម្រាប់ថ្ងៃចន្ទ ដែលជាថ្ងៃទី៣ជាប់ៗគ្នា ដែលចំនួនឆ្លងសរុបមានក្រោម ១០០នាក់ ខណៈអ្នកជំងឺប្រមាណ ៩៩.៩៩ភាគរយនៃអ្នកជំងឺគ្រុនក្ដៅជាង ៤.៧៧លាននាក់ ត្រូវបានរាយការណ៍ថាជាសះស្បើយឡើងវិញ៕