Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកសង្ឃឹមថា នឹងមានដំណោះស្រាយវិជ្ជមាន ជុំវិញបញ្ហាស្នើសុំចូលជាសមាជិក NATO របស់ហ្វាំងឡង់ និងស៊ុយអែត (Video inside)

23-06-2022 13:46

(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអឺរ៉ុប លោកស្រី ខារិន ដុនហ្រ្វាយ (Karen Donfried) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា សហរដ្ឋអាមេរិកសង្ឃឹមថា នឹងមានដំណោះស្រាយ ជាវិជ្ជមានក្នុងពេលឆាប់ៗនេះ ជុំវិញបញ្ហារបស់តួកគី ជាមួយហ្វាំងឡង់និងស៊ុយអែត ទាក់ទងនឹងការស្នើសុំចូលជា សមាជិកអង្គការណាតូ (NATO) នៃប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសវនាការគណៈកម្មាធិការទំនាក់ទំនងបរទេស (SFRC) នៃព្រឹទ្ធសភាអាមេរិក លោកស្រី Karen Donfried បានគូសបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនយល់ថា កិច្ចពិភាក្សារវាងភាគីទាំងអស់នៅដើមសប្តាហ៍នេះ នឹងមានប្រយោជន៍ណាស់។ លោកស្រី Donfried បានបន្ថែមថា «យើងមានទំនុកចិត្តថា វានឹងត្រូវបានដោះស្រាយតាមរបៀបវិជ្ជមាន ខណៈនៅក្នុងសម្ព័ន្ធភាព NATO គឺមានការគាំទ្រយ៉ាងទូលំទូលាយនិងស៊ីជម្រៅ សម្រាប់ការស្នើសុំសមាជិកភាពរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត»

នៅពេលសួរថាតើលោកស្រី Karen Donfried ជឿថា ភាគីទាំងអស់នឹងនៅលើផ្លូវតែមួយ នៅក្នុងកិច្ចប្រជុំកំពូល ដែលនឹងប្រព្រឹត្ត ទៅនៅក្នុងទីក្រុង ម៉ាឌ្រីដ (Madrid) នៃប្រទេសអេស៉្បាញ នាសប្តាហ៍ក្រោយនេះដែរ ឬអត់នោះ លោកស្រីបានឆ្លើយតបថា «បើតាមការយល់ឃើញរបស់ខ្ញុំ គឺយើងពិតជាជំរុញឱ្យសម្រេចបាននូវរឿងនោះ»

គួរបញ្ជាក់ថាហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យស្នើសុំចូលជា សមាជិកអង្គការ NATO ដើម្បីឆ្លើយតបទៅនឹង ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ប៉ុន្តែបានប្រឈមមុខនឹងការប្រឆាំង ដែលនឹកស្មានពុំដល់ពីប្រទេសតួកគី ដោយចោទប្រកាន់ប្រទេសទាំងពីរថា មានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ ឃើដ ដែលទីក្រុងអង់ការ៉ា ចាត់ទុកថាជាក្រុមភេរវករ បូករួមទាំង បញ្ហាដែលហ្វាំងឡង់និងស៊ុយអែត បានបញ្ឈប់ការនាំចេញអាវុធទៅឱ្យតួកគី កាលពីឆ្នាំ២០១៩ ផងដែរ។ យ៉ាងណាមិញ ហ្វាំងឡង់ និងស៊ុយអែត បានប្រកាសថ្កោលទោសចំពោះអំពើភេរវកម្ម ហើយប្តេជ្ញាបើកចំហ សម្រាប់កិច្ចពិភាក្សាជាមួយតួកគី៕