Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក៖ ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស ៣នាក់ នៅឯរោងចក្រ ក្នុងរដ្ឋ Maryland (Video inside)

10-06-2022 08:35

(វ៉ាស៊ីនតោន)៖ ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅឯរោងចក្រមួយកន្លែង ស្ថិតនៅក្នុងរដ្ឋម៉ារីលែន (Maryland) សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ដោយផ្ដាច់ជីវិតមនុស្ស ៣នាក់ និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។

បើតាមប៉ូលិសក្នុងតំបន់ ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលមិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណ បានរងរបួស បន្ទាប់ពីរូបគេបាញ់តដៃជាមួយប៉ូលិស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយនៅក្នុងតំបន់ ដើម្បីទទួលការព្យាបាល។ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅឯរោងចក្រមួយ គ្រប់គ្រងដោយក្រុមហ៊ុន កូឡុំប៊ី ម៉ាស៊ីន (Columbia Machine) ក្នុងទីក្រុងស្មីតស្បឺគ (Smithsburg) ស្ថិតនៅភាគខាងជើងនៃរដ្ឋម៉ារីលែន។ ប៉ុន្តែ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុ ឬចេតនានៃការបាញ់ប្រហារនេះនៅឡើយទេ។

គួរបញ្ជាក់ថា ការបាញ់ប្រហារក្នុងរដ្ឋម៉ារីលែន កើតមានឡើងនៅចំពេលអំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិក ស្ទុះឡើងខ្លាំងមួយរយៈពេល ចុងក្រោយនេះ។ កាលពីសប្ដាហ៍មុន ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់សិស្សសាលាបឋម ១៩នាក់ និងគ្រូបង្រៀន២នាក់ ក្នុងរដ្ឋតិចសាស់ ហើយ ការបាញ់ប្រហារដ៏រន្ធត់នេះក៏បានជំរុញឱ្យមានការអំពាវនាវដល់សភាអាមេរិក ក្នុងការអនុម័ត្តច្បាប់រឹតបន្តឹងការប្រើកំាភ្លើងផងដែរ៕