រុស្ស៉ីកំណត់គោលដៅវាយប្រហារជាថ្មី លើទីក្រុង Izium របស់អ៊ុយក្រែន, នេះបើតាមក្រសួងការពារជាតិអង់គ្លេស
09-06-2022 17:43
(ឡុងដ៍)៖ តាមការធ្វើបច្ចុប្បន្នភាពយោធារបស់ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរុស្ស៉ី បានបង្កើនកិច្ចខិតខំប្រឹងប្រែងរុលទៅមុខ នៅតំបន់ភាគខាងត្បូងអ៉ីហ្ស៉ីអ៊ូម (Izium) ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន ជាថ្មីម្តងទៀត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។
ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងបន្ថែមថា «ស្ថានភាពរបស់កងទ័ពរុស្ស៉ី នៅភាគខាងត្បូងទីក្រុង Izium គឺបានជាប់គាំង ចាប់តាំងពីខែមេសាមក បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន បានប្រើប្រាស់គុណប្រយោជន៍នៃទីតាំងភូមិសាស្រ្ត ដើម្បីបន្ថយល្បឿនរបស់រុស្ស៉ី»។
គួរបញ្ជាក់ថា ប៉ុន្តែបើតាមរបាយការណ៍ចុងក្រោយរបស់អង់គ្លេស រុស្ស៉ីទំនងជាចង់បង្កើនសន្ទុះរបស់ខ្លួនឡើងវិញ នៅតំបន់នេះ ដើម្បីដាក់សម្ពាធបន្ថែមលើទីក្រុង ស៉ីវីយេរ៉ូដូណេត (Sieverodonetsk) និងដើម្បីផ្តល់ឱ្យខ្លួននូវជម្រើសទីតាំងបន្ថែម សម្រាប់ការរុលទៅមុខឱ្យកាន់តែជ្រៅ នៅក្នុងតំបន់ដូណេត (Donetsk)៕