Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី អះអាងថា មនុស្សរាប់លាននាក់ អាចប្រឈមភាពស្រេកឃ្លាន ដោយសាររុស្ស៉ីបិទកំពង់ផែអ៊ុយក្រែន (Video inside)

09-06-2022 16:34

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សរាប់លាននាក់អាចជួបភាពអត់ឃ្លាន ដោយសារតែការបិទកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដោយកងកម្លាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។

ក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក ហ្សេលេនស្គី បានថ្លែងថា «ពិភពលោកកំពុងស្ថិតនៅមាត់ជ្រោះនៃ វិបត្តិស្បៀងអាហារដ៏គួរឲ្យភ័យខ្លាច ដោយសារអ៊ុយក្រែនមិនអាចនាំចេញស្រូវសាលី, ពោត, ប្រេង និងផលិតផលផ្សេងទៀត ក្នុងបរិមានដ៏ច្រើនបាន ស្របពេលដែលផលិតផលទាំងនេះ បានរួមចំណែកដល់ស្ថិរភាពទីផ្សារពិភពលោក។ លោក ហ្សេលេនស្គី បន្ថែមថា «មានន័យថា ប្រទេសជាច្រើនលើពិភពលោក ខ្វះខាតធាតុផ្សំសម្រាប់ផលិតស្បៀងអាហារ ហើយមនុស្សជាច្រើនអាចនឹងស្រេកឃ្លាន ប្រសិនបើរុស្ស៉ីនៅតែបន្តបិទច្រកសមុទ្រខ្មៅនោះ»

គួរបញ្ជាក់ថា ក្នុងសង្រ្គាមរយៈពេលជិត ១៥សប្តាហ៍មកនេះ រុស្ស៉ីវាយដណ្តើមកាន់កាប់បានមួយផ្នែកធំនៃឆ្នេរសមុទ្ររបស់អ៊ុយក្រែន ហើយនាវាចម្បាំងរុស្ស៉ី កំពុងគ្រប់គ្រងសមុទ្រខ្មៅ និង សមុទ្រអាហ្សូវ ដោយបានរារាំងដល់ការនាំចេញផលិតផលកសិកម្ម របស់អ៊ុយក្រែន និងជំរុញឲ្យតម្លៃគ្រាប់ធញ្ញជាតិកើនឡើង។ អ៊ុយក្រែនក៏ដូចជាលោកខាងលិច បានស្តីបន្ទោសទីក្រុងមូស្គូថា កំពុងប្រើប្រាស់ស្បៀងអាហារជាអាវុធ ខណៈទីក្រុងមូស្គូចោទវិញថា គឺមកពីការដាក់ពង្រាយគ្រាប់មីនរបស់អ៊ុយក្រែន នៅក្នុងសមុទ្រ រួមទាំងទណ្ឌកម្មរបស់អន្តរជាតិ មកលើរុស្ស៉ី៕