Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំនួយយោធាអាមេរិកសម្រាប់អ៊ុយក្រែន សរុបកើនដល់ជាង ៣ពាន់លានដុល្លារ ខណៈលោក បៃដិន នឹងស្នើសុំសភាបន្ថែមទៀត (Video inside)

22-04-2022 16:10

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍នេះ បានប្រកាសផ្តល់សព្វាវុធបន្ថែមទៀតដល់អ៊ុយក្រែន ដោយគិតជាទឹកប្រាក់ស្មើនឹង ៨០០លានដុល្លារ ហើយលោកបាននិយាយថា លោកនឹងស្នើសុំថវិកាជាបន្តបន្ទាប់ទៀតពីសភាអាមេរិក ដើម្បីយកទៅជួយគាំទ្រយោធាអ៊ុយក្រែន ដែលកំពុងប្រឈមការប្រយុទ្ធគ្នាជាថ្មី នៅភាគខាងកើតប្រទេស ជាមួយកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

លោក បៃដិន បានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីខាងលើ ក្រោយពីការជួបពិភាក្សាទល់មុខគ្នា ជាមួយនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស្ម៊ីហាល់ (Denys Shmyhal) ដែលស្ថិតនៅរដ្ឋធានីវ៉ាស៉ីនតោន ដើម្បីចូលរួមកិច្ចប្រជុំផ្សេងៗ។ បើតាមមន្ទីរបញ្ចកោណ កញ្ចប់ជំនួយនោះនឹងរួមបញ្ចូលនូវ កាំភ្លើងធំ៧៥គ្រឿង, យានយន្តសម្រាប់អូសពួកវាចំនួន៧២គ្រឿង, គ្រាប់រាប់សិបម៉ឺនគ្រាប់ និងដ្រូនជាង១០០គ្រឿង។

គួរបញ្ជាក់ថា ជំនួយយោធាថ្មីរបស់អាមេរិក ដែលប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គឺមានទំហំស្មើនឹងកញ្ចប់ជំនួយយោធា ៨០០លានដុល្លារ ដែលអាមេរិកបានប្រកាសកាលពីសប្តាហ៍មុនដែរ។ សរុបមកវិញ បូកបន្ថែមជាមួយកញ្ចប់ជំនួយយោធាចុងក្រោយនេះ គឺគិតមកទល់ឥឡូវ ទីក្រុងវ៉ាស៉ីនតោនបានប្រកាសផ្តល់ជំនួយយោធាសរុបលើស ៣ពាន់លានដុល្លារហើយ ទៅដល់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី៕