ក្រុមប្រទេស Quad នឹងបើកកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ ចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន (Video inside)
03-03-2022 14:50
(ញូដេលី)៖ មេដឹកនាំនៃក្រុមប្រទេសក្វាដ (Quad) រួមមានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន, នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី, នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា នឹងជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមទីក្រុងញូដេលី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសឥណ្ឌា បានឱ្យដឹងថាកិច្ចប្រជុំខាងលើធ្វើឡើង ក្រោយមេដឹកនាំនៃប្រទេសក្វាដ បានជួបប្រជុំគ្នា កាលពីខែកញ្ញា ឆ្នាំ២០២១ ក្នុងទីក្រុងវ៉ាស៊ីនតោន ហើយមេដឹកនាំទាំងអស់រំពឹងថានឹងផ្លាស់ប្ដូរយោបល់គ្នា និងវាយតម្លៃពីការវិវត្ត ស្ថានការណ៍សព្វថ្ងៃក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ប៉ុន្តែ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថាតើសង្រ្គាមនៅអ៊ុយក្រែន នឹងត្រូវបានលើកយកមកធ្វើជារបៀបវារៈនៃកិច្ចប្រជុំដែរ ឬក៏យ៉ាងណានោះទេ ខណៈឥណ្ឌាជាសមាជិកក្វាដតែមួយគត់ ដែលមិនបានថ្កោលទោស និងដាក់ទណ្ឌកម្មលើរុស្ស៊ីដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំដល់ទីក្រុងញូដេលី៕