Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាជនក្នុងតំបន់អឺរ៉ុបកណ្ដាល សម្រុកទិញថ្នាំការពារសារធាតុវិទ្យុសកម្ម ក្រោយលោក ពូទីន ដាក់កងកម្លាំងនុយក្លេអ៊ែរប្រុងជើងការ (Video inside)

03-03-2022 10:10

(វ៉ាសូវី)៖ ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន និងបទបញ្ជារបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ឱ្យកងកម្លាំងនុយក្លេអ៊ែរស្ថិតនៅក្នុង លក្ខណៈប្រុងជើងការខ្ពស់ត្រៀមខ្លួនប្រយុទ្ធ បាន និងកំពុងបង្កឱ្យមានរលកភ័យខ្លាច នៅក្នុងតំបន់អឺរ៉ុបកណ្ដាល ដោយប្រជាជនមួយចំនួនបាននាំគ្នា សម្រុកទិញថ្នាំអ៉ីយ៉ូឌីន (iodine) ដែលពួកគេជឿថាអាចការពារពួកគេពីសារធាតុវិទ្យុសកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។

លោក នីកូឡាយ កូស្ដូវ (Nikolay Kostov) ជាប្រធានសម្ព័ន្ធឱសថម្នាក់ក្នុងប្រទេសប៊ុលហ្ការី បានបញ្ជាក់ដូច្នេះថា «នៅក្នុងរយៈពេល ៦ថ្ងៃមកនេះ ឱសថស្ថាននានានៅក្នុងប្រទេសប៊ុលហ្ការី បានលក់ដាច់អស់នូវថ្នាំអ៉ីយ៉ូឌីន (iodine) ដែលពួកគេទុកសម្រាប់លក់រយៈពេលមួយឆ្នាំ។ ចំណែកឯ ឱសថស្ថានមួយចំនួនទៀត ក៏បានលក់ថ្នាំប្រភេទនេះអស់ពីស្ដុកផងដែរ ហើយយើងបានបញ្ជាទិញថ្នាំ iodine បន្ថែម ប៉ុន្តែខ្ញុំបារម្ភខា្លចថាវាមិនគ្រប់ គ្រាន់»

បន្ថែមពីលើនេះ ប្រជាជនអឺរ៉ុបរាប់ចាប់ប៉ូឡូញ រហូតដល់ប៊ុលហ្ការីក៏ត្រូវបានគេរាយការណ៍ដែរថាបានរៀបចំលិខិតឆ្លងដែន, ចាក់សាំងបំពេញ យានជំនិះរបស់ពួកគេ ដើម្បីត្រៀមភៀសខ្លួនគ្រប់ពេលវេលាក្នុងករណីមានគ្រោះអាសន្នកើតឡើង៕