Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចុងសប្តាហ៍នេះលោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន នឹងជួបពិភាក្សាគ្នា ស្តីពីភាពតានតឹងជាមួយរុស្ស៉ី

01-01-2022 11:52

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskiy) នឹងជួបសន្ទនាគ្នា នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដើម្បីរិះរកវិធីកាត់បន្ថយភាពតានតឹង នៅតំបន់ព្រំដែនអ៊ុយក្រែន និងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែមករា ឆ្នាំ២០២២។

សេតវិមានទីក្រុងវ៉ាស៊ីនតោន បានគូសបញ្ជាក់ជុំវិញបញ្ហាខាងលើនេះថា លោក ចូ បៃដិន នឹងគូសបញ្ជាក់ឡើងវិញ អំពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្រទេសអ៊ុយក្រែន នៅក្នុងកិច្ចសន្ទនាជាមួយលោក Volodymyr Zelenskiy, ហើយបន្ថែមពីនេះ ភាគីទាំងពីរនឹងពិភាក្សាគ្នា អំពីការបង្កើនទ័ពរុស្ស៊ី នៅតាមតំបន់ព្រំដែនអ៊ុយក្រែន ព្រមទាំងការរៀបចំដំណោះស្រាយតាមផ្លូវទូត ដើម្បីធ្វើឲ្យតំបន់ភាគខាងកើតអ៊ុយក្រែននោះ វិលទៅរកភាពស្ងប់សុខវិញ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានផ្លាស់ប្តូរការព្រមានគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងភាពតានតឹងរវាង រុស្ស៊ី និងអ៊ុយក្រែន។ លោក បៃដិន បានប្រាប់លោក ពូទីន ថា សហរដ្ឋអាមេរិកមិនអាចមើលរំលងអ៊ុយក្រែន ខណៈលោក ពូទីន បានព្រមានតបវិញថា ការដាក់ទណ្ឌកម្មបន្ថែមដោយលោកខាងលិច ទៅលើប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងរឿងអ៊ុយក្រែននោះ «នឹងបំផ្លាញទាំងស្រុង» នូវទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច៕