Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជាង ៤០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១០៨នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)

26-12-2021 10:43

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤០,៤៥៨នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១០៨នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥៣,០២៦,៧៦៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៣៧,៧៧៩នាក់ និងជាសះស្បើយឡើងសរុបជាង ៤១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

អ្នកជំនាញផ្នែកសុខាភិបាលអាមេរិកបាននិយាយថា វិធានការទប់ស្កាត់ការឆ្លងរាលដាល មេរោគបំប្លែងថ្មី Omicron របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងនោះរួមមានទាំងការចែកចាយឧបករណ៍ធ្វើតេស្ដ គឺជារឿងមួយគួរឱ្យស្វាគមន៍ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ និងហាក់ដូចជាយឺតពេលបន្តិចទៅហើយ ក្នុងការទប់ស្កាត់ការកើនឡើងករណីឆ្លង ដែលបង្កឡើងដោយមេរោគបំប្លែងថ្មីមួយនេះ ចំពោះមុខបុណ្យណូអែល និងបុណ្យចូលឆ្នាំសកល។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥០០លានដូស ក្នុងនោះប្រជាជន ២៤១.៨៨លាននាក់ (៧៣.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៣.២៤លាននាក់ (៦១.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៦៤.៣៧លាននាក់ (១៩.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕