Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លទ្ធផលស្រាវជ្រាវបឋមនៅអង់គ្លេស៖ «មិនទាន់មានភស្តុតាងអាចបញ្ជាក់ថា Omicron មិនសាហាវដូច Delta នោះឡើយ»

21-12-2021 13:00

(ឡុងដ៍)៖ ទិន្នន័យបឋមមួយនៅក្នុងចក្រភពអង់គ្លេស បានបង្ហាញថា មិនមានភស្ដុតាងណាមួយអាចបញ្ជាក់បានថា មេរោគ COVID-19 បំប្លែងថ្មី Omicron មិនមានភាពកាចសាហាវ ជាងមេរោគបំប្លែងថ្មី Delta នោះទេ ខណៈគិតត្រឹមថ្ងៃចន្ទដើម្បីសប្ដាហ៍នេះ ចក្រភពអង់គ្លេសមានអ្នកស្លាប់ដោយសារ Omicron កើនដល់ ១២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។

ទិន្នន័យខាងលើដដែល ដែលផ្ដល់ដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ICL ទីក្រុងឡុងដ៍ (Imperial College London) ធ្វើឡើងតាមរយៈការប្រៀបធៀបអ្នកឆ្លងមេរោគ បំប្លែងថ្មី Omicron ចំនួន ១១,៣២៩នាក់ ជាមួយនឹងមនុស្សជិត ២០០,០០០នាក់ ដែលឆ្លងមេរោគ COVID-19 បំប្លែងថ្មីដទៃ។ ប៉ុន្តែទិន្នន័យថ្មីនេះដដែល ដែលមិនទាន់ត្រូវបានពិនិត្យ និងវាយតម្លៃចុងក្រោយបានបញ្ជាក់ថា មកទល់ពេលនេះមិនមានភស្ដុតាងណាមួយ អាចបញ្ជាក់បានថាមេរោគ COVID-19 បំប្លែងថ្មី Omicron មិនមានភាពកាចសាហាវ ជាងមេរោគបំប្លែងថ្មី Delta នោះឡើយ។

គួរបញ្ជាក់ថា បើនិយាយពីប្រសិទ្ធភាពវ៉ាក់សាំង, ទិន្នន័យរបស់អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ICL បានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាពពី «០-២០%» ប្រឆាំងនឹង Omicron ក្រោយការចាក់វ៉ាក់សាំងទាំង «២ដូស» និងពី «៥៥-៨០%» នៅក្រោយចាក់ «ដូសជំរុញ ឬដូសទី៣»។

កន្លងមកនេះ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិទាំងនៅអង់គ្លេស អាហ្វ្រិកខាងត្បូង និងសហរដ្ឋអាមេរិកជាដើម ធ្លាប់បានអះអាងស្រដៀងៗគ្នាថា Omicron ពិតជាមានសមត្ថភាពចម្លង យ៉ាងលឿនរហ័សជាង Delta ហើយវាមិនអាចបង្កឲ្យឈឺធ្ងន់ ឬមានភាពកាចសាហាវដូច Delta នោះឡើយ, ប៉ុន្តែបើយោងតាមលទ្ធផលសិក្សាថ្មីខាងលើនេះវិញ វាអាចនឹងបង្កក្តីព្រួយបារម្ភបន្ថែមទៀតជាក់ជាមិនខាន៕