Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហ្វាំងឡង់នឹងបញ្ជាទិញយន្តហោះចម្បាំង-បំបាំងកាយ F-35 «៦៤គ្រឿង» ពីអាមេរិក, វានឹងក្លាយជាការទិញសព្វាវុធ ធំបំផុតប្រចាំប្រវត្តិសាស្ត្រ (Video inside)

11-12-2021 10:31

(ហែលស៊ីងគី)៖ រដ្ឋាភិបាលប្រទេសហ្វាំងឡង់បានអះអាងថា ខ្លួននឹងបញ្ជាទិញយន្តហោះចម្បាំង F-35 ដែលមានសមត្ថភាព បំបាំងកាយពីប្រព័ន្ធរ៉ាដាសត្រូវ ក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានរហូតដល់ទៅ ៦៤គ្រឿងពីសហរដ្ឋអាមេរិក ដែលមានតម្លៃជាទឹកប្រាក់ ៩.៥ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១។

ការចូលរួមដេញថ្លៃត្រូវបានធ្វើឡើង ដោយក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក, ក្រុមហ៊ុន ដាស់សលត៍ (Dassault) របស់បារាំង, ក្រុមហ៊ុន សាអាប់ (Saab) របស់ស៊ុយអែត និងក្រុមហ៊ុនសម្ព័ន្ធ យូរ៉ូហ្វៃថឺ (Eurofighter) របស់ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ ហើយជាលទ្ធផល គឺជ័យជម្នះបានទៅលើក្រុមហ៊ុនអាមេរិក Lockheed Martin។

ការសម្រេចចិត្តរបស់ហ្វាំងឡង់ថា នឹងបញ្ជាទិញយន្តហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិកខាងលើនេះ បានកើតមានឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសស្វីសបានសម្រេចចិត្ត ទិញយន្តហោះចម្បាំងពីសហរដ្ឋអាមេរិកដូចគ្នា។ ប្រសិនបើការចុះហត្ថលេខាទិញសម្រេចរួចរាល់ វានឹងក្លាយជាកិច្ចព្រមព្រៀងទិញសព្វាវុធ ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ហ្វាំងឡង់។

គួរបញ្ជាក់ថា ក្រុមហ៊ុនផ្សេងទៀតដែលមិនបានទទួលការជ្រើសជ្រើសសោះ ដែលភាគច្រើនបំផុតស្ថិតនៅក្នុងតំបន់អឺរ៉ុប បានសម្តែងការខកចិត្ត ចំពោះការសម្រេចចិត្តរបស់ហ្វាំងឡង់ខាងលើនេះ។ យន្តហោះចម្បាំង-បំបាំងកាយ F-35 ដំបូង នឹងត្រូវបញ្ជូនមកដល់ប្រទេសហ្វាំងឡង់ នៅឆ្នាំ២០២៦ ហើយប្រទេសនេះនឹងទទួលបានគ្រប់ចំនួន ៦៤គ្រឿងតែម្តង នៅឆ្នាំ២០៣០។ ភាពតានតឹងកើនឡើងជាមួយរុស្ស៉ី ដែលជាប្រទេសស្ថិតនៅជាប់ព្រំដែនគ្នា គឺជាបញ្ហាចម្បងធំបំផុតដែលកំពុងជំរុញឲ្យហ្វាំងឡង់ បង្កើនសមត្ថភាពការពារជាតិ៕