Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តាលីបង់បញ្ជាក់ថា ការប៉ះទង្គិចប្រដាប់អាវុធនៅតំបន់ ព្រំដែនអាហ្វហ្គានីស្ថាន-អ៉ីរ៉ង់ គឺជារឿងយល់ច្រឡំ

02-12-2021 18:19

(កាប៊ុល)៖ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៉ីដ (Zabihullah Mujahid) បានបញ្ជាក់ពីការប៉ះទង្គិចគ្នារវាងកងកម្លាំងព្រំដែននៃប្រទេសអ៉ីរ៉ង់ និងអាហ្វហ្គានីស្ថាន ហើយបានពណ៌នាឧប្បត្តិហេតុនេះថាជាការ «យល់ច្រឡំ» ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១។

បើតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ការប៉ះទង្គិចគ្នាមួយ បានកើតឡើងរវាងកងកម្លាំងព្រំដែននៃប្រទេសទាំងពីរ នៅចំណុចតំបន់ព្រំដែនរវាងប្រទេសអ៊ីរ៉ង់ និងខេត្ត នីមរ៉ូស (Nimroz) ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន។

អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Twitter របស់លោកកាលពីថ្ងៃពុធថា «ការប៉ះទង្គិចគ្នានៅតំបន់ព្រំដែននៃស្រុក កាង (Kang) ក្នុងខេត្ត Nimroz រវាងកងកម្លាំងការពារព្រំដែន នៃប្រទេសអាហ្វហ្គានីស្ថាន និងអ៉ីរ៉ង់ គឺជាការយល់ច្រឡំនៅកម្រិតមូលដ្ឋានមួយ ហើយត្រូវបានដោះស្រាយរួចរាល់ហើយ»

លោក Zabihullah Mujahid បានបញ្ជាក់បន្ថែមថា «ដើម្បីទប់ស្កាត់ឧប្បត្តិហេតុបែបនេះ កើតឡើងជាថ្មីនៅនាពេលអនាគត មេដឹកនាំនៃប្រទេសអាហ្វហ្គានីស្ថាន បានចេញសេចក្តីណែនាំចាំបាច់រួចរាល់ហើយ»