Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការពារជាតិអាមេរិក ចេញបញ្ជាឲ្យត្រួតពិនិត្យឡើងវិញ លើការវាយប្រហារតាមដែនអាកាស នៅស៊ីរីកាលពីឆ្នាំ២០១៩

30-11-2021 16:18

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទរបស់លោក ត្រួតពិនិត្យឡើងវិញលើការវាយប្រហារនានា តាមផ្លូវអាកាសនៅក្នុងប្រទេសស៊ីរី កាលពីអំលុងឆ្នាំ២០១៩ ដែលត្រូវបានគេចោទប្រកាន់ថា បានបណ្តាលឲ្យជនស៊ីវិលស៊ីរីរាប់សិបនាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃើប៊ី (John Kirby) បានប្រាប់អ្នករាយការណ៍ព័ត៌មានទាំងឡាយ នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ឧត្តមសេនីយ៍ ម៉ៃខឺល ហ្គារ៉េត (Michael Garrett) ដែលជាមេបញ្ជាការកងទ័ពអាមេរិក នឹងមានរយៈពេល ៩០ថ្ងៃ សម្រាប់រៀបចំ និងបញ្ចប់ការពិនិត្យឡើងវិញ, ធ្វើរបាយការណ៍ចុងក្រោយ អំពីជនស៊ីវិលរងគ្រោះ ព្រមទាំងស្វែងយល់ថា តើការវាយប្រហារនេះបានបំពានច្បាប់សង្គ្រាមដែរឬទេ។

យោងតាមកាសែតអាមេរិក New York Times បានចេញផ្សាយកាលពីដើមខែវិច្ឆិកានេះថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក ទៅលើទីក្រុង បាហ្គឹស (Baghuz) ប្រទេសស៊ីរី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ បានសម្លាប់ស្ត្រី និងកុមារយ៉ាងហោចណាស់ ៧០នាក់។ ការវាយប្រហារកាលណោះ ត្រូវបានកងទ័ពសហរដ្ឋអាមេរិកអះអាងថា ដើម្បីកម្ទេចមូលដ្ឋានលាក់ខ្លួនរបស់ក្រុមភេរវករ ISIS៕