Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វីរុសកូវីដ១៩ បំប្លែងថ្មី «Omicron» ធ្វើឲ្យពិភពលោកប្រកាសអាសន្ន និងរង្គោះរង្គើទីផ្សារហិរញ្ញវត្ថុ (Video inside)

27-11-2021 11:59

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ការលេចឡើងនៃវីរុសកូវីដ១៩ បំប្លែងថ្មី Omicron បានបង្កឲ្យពិភពលោកទាំងមូលព្រួយបារម្ភជាខ្លាំង ដោយប្រទេសជាបន្តបន្ទាប់បាននាំគ្នា ផ្អាកជើងហោះហើរពីតំបន់ភាគខាងត្បូងអាហ្រ្វិក ហើយទីផ្សារធំៗទាំងនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប សុទ្ធតែបានទទួលរងការធ្លាក់ចុះធំបំផុត បើគិតក្នុងរយៈពេលជាង១ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វីរុសបំប្លែងថ្មី Omicron អាចឆ្លងរាលដាលកាន់តែឆាប់រហ័សថែមទៀត ខណៈភស្តុតាងបឋមបានឲ្យតំរុយថា ហានិភ័យនៃការឆ្លងឡើងវិញគឺកើនឡើង។ ក្រុមអ្នកជំនាញបានលើកឡើងថា បម្រាមធ្វើដំណើរប្រហែលជាហួសពេលបាត់ទៅហើយ ដើម្បីបញ្ឈប់វីរុស Omicron កុំឲ្យរាតត្បាតជុំវិញពិភពលោក។ វីរុសបំប្លែងថ្មីនេះ ត្រូវបានរកឃើញដំបូងនៅអាហ្រ្វិកខាងត្បូង ប៉ុន្តែឥឡូវក៏មានវត្តមាននៅកន្លែងផ្សេងៗទៀតដែរ ដូចជាបុតស្វាណា, ប៊ែលហ្សិក, អ៉ីស្រាអែល និងទីក្រុងហុងកុង។

អ្នកវិទ្យាសាស្រ្តអាចត្រូវប្រើពេលរាប់សប្តាហ៍ ដើម្បីអាចស្វែងយល់បានពេញលេញអំពីវីរុសបំប្លែងថ្មី Omicron និងដើម្បីវាយតម្លៃថាតើ វ៉ាក់សាំងនិងវិធីសាស្រ្តព្យាបាលបច្ចុប្បន្ន មានប្រសិទ្ធភាពកម្រិតណាប្រឆាំងនឹងវា។ វីរុសបំប្លែងថ្មីនេះ មានប្រតេអ៉ីនទំពក់ (Spike Protein) ដែលមានការប្រែប្រួលខ្លាំងបំផុត ធៀបនឹង Spike Protein របស់វីរុស COVID-19 ដើម ដែលវ៉ាក់សាំងសព្វថ្ងៃផ្អែកទៅលើ។ ដូច្នេះហើយ ទើបវាបង្កឲ្យគ្រប់គ្នាភ័យព្រួយខ្លាំងបែបនេះ។

គួរបញ្ជាក់ថា ក្តីបារម្ភអំពីវីរុសបំប្លែងថ្មីខាងលើ បានបង្កភាពរង្គោះរង្គើដល់ បណ្តាទីផ្សារហិរញ្ញវត្ថុធំៗ របស់ពិភពលោក ជាពិសេសភាគហ៊ុន របស់ក្រុមហ៊ុនអាកាសចរណ៍ រួមជាមួយវិស័យទេសចរណ៍ ហើយប្រេង។ ប្រទេសជាច្រើនរួមមាន ចក្រភពអង់គ្លេស អ៉ីស្រាអែល ជប៉ុន សិង្ហបុរី ឥណ្ឌា តួកគី អេមីរ៉ាត់អារ៉ាប់រួម សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប សុទ្ធតែសម្រេចចិត្តធ្វើការរឹតបន្តឹងឡើងវិញលើអ្នកដំណើរ៕