Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញអាមេរិក៖ ការប្រកួតប្រជែងរវាងអាមេរិក-ចិន មានលទ្ធភាពបង្កទៅជា «គ្រោះមហន្តរាយធ្ងន់ធ្ងរ»

25-11-2021 17:52

(វ៉ាស៉ីនតោន)៖ អ្នកជំនាញអាមេរិកមួយរូប កាលពីពេលថ្មីៗនេះ បានបង្ហាញពីក្តីព្រួយបារម្ភរបស់ខ្លួន ជុំវិញភាពធ្លាក់ចុះដុនដាបកាន់តែខ្លាំង នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ហើយបានព្រមានថា វាអាចបង្កទៅជាគ្រោះមហន្តរាយថែមទៀតផង។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក រ៉ាចាន មេណុន (Rajan Menon) ដែលជាអ្នកជំនាញខាងលើ បានព្រមានថា សហរដ្ឋអាមេរិកនិងចិន អាចបង្កភាពហិនហោចធ្ងន់ធ្ងរ ជាទីបំផុតទាំងសម្រាប់អាយុជីវិតមនុស្ស និងសេដ្ឋកិច្ច ប្រសិនបើការប្រកួតប្រជែងគ្នារវាងប្រទេសទាំងពីរ មិនអាចត្រូវបានជួយកាត់បន្ថយ ដោយការយល់ឃើញអំពីផលប្រយោជន៍រួមណាមួយទេនោះ ហើយបង្កទៅជាផ្ទុះសង្រ្គាម។

បើតាមការទស្សនៈរបស់លោក មេណុន គឺសហរដ្ឋអាមេរិកនិងចិន សុទ្ធតែមានសមត្ថភាព បើកការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា ទៅលើប្រព័ន្ធហិរញ្ញវត្ថុរបស់គូបដិបក្ខ។ ផលប៉ះពាល់ដែលបង្កឡើងពីការប្រយុទ្ធគ្នាតាមវិធីនេះ រវាងកំពូលមហាអំណាចទាំងពីរ គឺនឹងជះដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ក្នុងពេលមួយពព្រិចភ្នែកតែប៉ុណ្ណោះ។

ដោយយោងតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយ របស់ក្រសួងការពារជាតិអាមេរិក ស្តីពីកម្លាំងយោធារបស់ប្រទេសចិន លោក មេណុន បាននិយាយថា សម្រាប់ផលវិបាកផ្នែកយោធាវិញ ប្រសិនបើភាគីទាំងពីរសម្រេចបង្ហូរឈាមដាក់គ្នា នោះលទ្ធផលនឹងហិចហោចជាខ្លាំងក្រៃលែង។

ជាចុងក្រោយ អ្នកជំនាញអាមេរិករូបនេះ បានលើកឡើងនូវក្តីសង្ឃឹមថា មេដឹកនាំសហរដ្ឋអាមេរិកក៏ដូចជាមេដឹកនាំចិន នឹងអាចនៅធ្វើការជាមួយគ្នា ដើម្បីទប់ស្កាត់ភាពតានតឹងកុំឲ្យប្រែក្លាយ ទៅជាសង្រ្គាមដ៏សែនវិនាស៕