Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ាឡេស៉ីកំពុងរង់ចាំមើលការប្តេជ្ញាចិត្តរបស់លោក មីន អោង ហ្លេង មុនសម្រេចថាគួរឲ្យមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំអាស៊ានឬអត់ (Video inside)

15-10-2021 16:40

(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៉ី លោក សៃហ្វូដឌីន អាប់ឌុលឡោះ (Saifuddin Abdullah) នៅថ្ងៃសុក្រនេះបាននិយាយនៅមុនកិច្ចប្រជុំអាស៊ានថា ម៉ាឡេស៊ីមិនចង់ឱ្យមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង (Min Aung Hlaing) ចូលរួមក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ាន នាពេលខាងមុខនេះទេ ប្រសិនបើលោកមិនគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះផែនការសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។

លោក Saifuddin Abdullah បានដឹងរួចមកហើយថា លោក អេរីវ៉ាន យូសូហ្វ (Erywan Yusof) ប្រេសិតពិសេសអាស៊ាន គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅសប្តាហ៍ក្រោយនេះ ហើយក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយ នៅល្ងាចថ្ងៃសុក្រនេះ ដើម្បីវាយតម្លៃអំពីការប្ដេជ្ញាចិត្តរបស់របបយោធា ចំពោះដំណើរការសន្តិភាព។

លោក Saifuddin Abdullah បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា «ល្ងាចនេះ យើងនឹងពិនិត្យមើលយ៉ាងលម្អិត អំពីដំណើរទស្សនកិច្ចដែលបានស្នើឡើង។ ប្រសិនបើគ្មានការរីកចម្រើនពិតប្រាកដទេនោះ ជំហររបស់ប្រទេសម៉ាឡេស៊ី នឹងនៅតែមិនចង់ឱ្យលោកឧត្តមសេនីយ៍ Min Aung Hlaing ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ហើយក៏គ្មានការសម្របសម្រួលនោះដែរ»

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ Min Aung Hlaing កាលពីខែមេសាកន្លងទៅនេះ បានយល់ព្រមអនុវត្តផែនការសន្តិភាព «៥ចំណុច» ជាមួយអាស៊ាន ដែលប្លុកនេះបានហៅថាជា «ការមូលមតិគ្នា» លើរកផ្លូវចេញពីភាពចលាចលដ៏អាក្រក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរបបយោធា បានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អោង សាន ស៊ូ ជី (Aung Sann Su Kyi) ចេញពីតំណែងកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ ដោយចោទប្រកាន់អំពីការក្លែងបន្លំ នៅក្នុងការបោះឆ្នោតសកល៕