តៃវ៉ាន់៖ អគ្គិភ័យឆាបឆេះអគារស្នាក់នៅក្នុងទីក្រុង Kaohsiung, សង្ស័យមនុស្សជាង ៤០នាក់ស្លាប់ (Video inside)
14-10-2021 15:48
(តៃប៉ិ)៖ មានការព្រួយបារម្ភថាមនុស្សច្រើនជាង ៤០នាក់ អាចបានបាត់បង់ជីវិត បន្ទាប់គ្រោះអគ្គីភ័យបានឆាបឆេះ អគារស្នាក់នៅមួយកន្លែង នៅទីក្រុង កៅ សុង (Kaohsiung) ភាគខាងត្បូងកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។
ហេតុការណ៍ខាងលើបានកើតឡើង នាវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍នេះ នៅអគារស្នាក់នៅមួយខ្នង ដែលមានអាយុកាល ៤០ឆ្នាំ ស្ថិតក្នុងសង្កាត់ យ៉ានឆេង (Yancheng) ហើយត្រូវបានពន្លត់ទៅវិញនៅវេលាព្រឹកព្រលឹម។ ប្រធានអាជ្ញាធរពន្លត់អគ្គីភ័យទីក្រុង Kaohsiung បានឲ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ កំពុងបន្តរុករកជនរងគ្រោះនៅក្នុងអគារ ហើយតួលេខនៃចំនួនអ្នកស្លាប់អាចលើសពី ៤០នាក់។
គួរបញ្ជាក់ថា អគារស្នាក់នៅដែលជួបគ្រោះអគ្គីភ័យនោះ មានកម្ពស់ ១៣ជាន់ និងមិនមានមនុស្សស្នាក់នៅពេញឡើយ។ អាជ្ញាធរកំពុងស៉ើបអង្កេតលើ ដើមចមនៃហេតុការណ៍នេះ ក្នុងនោះក៏រួមមានទាំងការសង្ស័យថា តើអាចជាករណីមានគេលួចដុត ឬយ៉ាងណាផងដែរ៕