Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុនបង្ហាញក្តីរំពឹងថា ចិននិងតៃវ៉ាន់អាចដោះស្រាយបញ្ហាជាមួយគ្នា ដោយសន្តិវិធី

05-10-2021 13:47

(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូហ្ស៉ីមីតស៊ូ ម៉ូតេជិ (Toshimitsu Motegi) និងរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក ណូប៊ូអូ គីស្ស៉ី (Nobuo Kishi) នៅថ្ងៃអង្គារនេះបាននិយាយថា ប្រទេសជប៉ុនសង្ឃឹមថាកោះតៃវ៉ាន់ និងប្រទេសចិនអាចដោះស្រាយបញ្ហារបស់ពួកគេ ដោយកិច្ចសន្ទនានិងដោយសន្តិវិធី ហើយប្រទេសជប៉ុននឹងបន្តតាមដានស្ថានការណ៍បន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១។

លោក Toshimitsu Motegi បាននិយាយថា ស្ថានការណ៍ភូមិសាស្ត្រនយោបាយនៅជុំវិញប្រទេសជប៉ុន កាន់តែពិបាក ហើយលើកឡើងអំពីក្តីសង្ឃឹមរបស់លោក ក្នុងការលើកកម្ពស់ការទូតសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន និងពង្រឹងទំនាក់ទំនងជាមួយប្រទេសដែលមានគំនិតដូចគ្នា។

រីឯលោក Nobuo Kishi និយាយថា គោលជំហរមិនប្រែប្រួលរបស់ជប៉ុន គឺទីក្រុងតូក្យូសង្ឃឹមថា បញ្ហានានាពាក់ព័ន្ធកោះតៃវ៉ាន់ នឹងអាចត្រូវដោះស្រាយបាន តាមរយៈកិច្ចសន្ទនាដោយផ្ទាល់រវាងភាគី ដែលពាក់ព័ន្ធទាំងឡាយ។ លោក Kishi បានបន្តទៀតថា ក្រសួងការពារជាតិជប៉ុន នឹងតាមដានគម្លាតនៃអសមតុល្យផ្នែកយោធា រវាងទីក្រុងប៉េកាំងនិងទីក្រុងតៃប៉ិ។

គួរបញ្ជាក់ថា លោក Motegi និង លោក Kishi សុទ្ធតែត្រូវបានតែងតាំង ឲ្យកាន់មុខតំណែងដូចដើមដដែល កាលពីថ្ងៃចន្ទម្សិលមិញនេះ ដោយនាយករដ្ឋមន្រ្តីជប៉ុនថ្មី គឺលោក ហ្វ៊ូមីអុ គីហ្ស៉ីដា (Fumio Kishida)៕