Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ «ក្រុមប្រទេស Quad បានពិភាក្សាផ្តោតលើ ការផ្គត់ផ្គង់ថាមពលស្អាត» (Video inside)

25-09-2021 16:25

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីបានជួបប្រជុំជាមួយ ប្រមុខដឹកនាំក្រុមប្រទេស ក្វាដ (Quad) នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កត ម៉ូរីសុន (Scott Morrison) បានថ្លែងអំពីរឿងសំខាន់មួយថា ប្រទេសទាំងបួនបានពិភាក្សាគ្នា អំពីការធានាសន្តិសុខចំពោះខ្សែចង្វាក់ផ្គត់ផ្គង់ សម្រាប់គាំទ្រដល់ការអភិវឌ្ឍ បច្ចេកវិទ្យាចាំបាច់នានាដូចជា ការផលិតថាមពលស្អាត និងការកាត់បន្ថយវិបត្តិខ្វះបន្ទះឈីបជាសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មាននៃសេតវិមាន នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) មេដឹកនាំបណ្តាប្រទេស Quad ដែលមានសមាជិកចំនួន ៤ ដូចជា សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី បានជួបមុខគ្នាផ្ទាល់ជាលើកដំបូង ក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋធានីវ៉ាស៊ីនតោន និងបានព្រមព្រៀងគ្នាចំពោះភាពជាដៃគូ ដើម្បីធានាសន្តិសុខដល់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ូរីសុន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបានអង្គុយប្រជុំទល់មុខគ្នា ជាមួយមេដឹកនាំកំពូលៗបីរូបទៀតថា កិច្ចពិភាក្សាបានផ្តោតសំខាន់លើសមត្ថភាពនៃដំណើរការ និងការផលិតរ៉ែនានារបស់អូស្ត្រាលី សម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ឥណ្ឌា និងជប៉ុន។ អូស្ត្រាលីគឺអ្នកផ្គត់ផ្គង់រ៉ែកម្រ (rare earths) ធំបំផុតលើលោក ក្រៅពីប្រទេសចិន ហើយក៏ជាអ្នកផ្គត់ផ្គង់រ៉ែសំខាន់ៗមួយចំនួន ទៅដល់ចង្វាក់ផលិតកម្មអាគុយរថយន្ត ដូចជា នីកែល, ស្ពាន់ និង កូបាល់ ជាដើម។

បើតាមអះអាងដោយ លោក ស្កត ម៉ូរីសុន មេដឹកនាំផ្សេងៗទៀតនៅក្នុងកិច្ចប្រជុំ Quad បានកោតសរសើរចំពោះតួនាទីស្នូលរបស់អូស្ត្រាលី ក្នុងការផ្គត់ផ្គង់រ៉ែសំខាន់ៗ ពីព្រោះវាពិតជាការផ្គត់ផ្គង់ដ៏ចាំំបាច់ សម្រាប់វិស័យឧស្សាហកម្មនានាជាច្រើន។ ក្នុងនាមអូស្ត្រាលីអ្នកផលិតរ៉ែដ៏ធំបំផុតមួយក្នុងលោក ប្រទេសនេះជឿជាក់ថា នឹងអាចដើរតួនាទីកាន់តែសំខាន់ នៅក្នុងការរក្សាសន្តិសុខដល់ ចង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើមចាំបាច់ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា នៅថ្ងៃអនាគត៕