Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តាលីបង់ធានាអះអាង សុវត្ថិភាពចំពោះលុយរបស់ប្រជាជនអាហ្វហ្កានីស្ថាន ដែលរក្សាទុកក្នុងធនាគារ

16-09-2021 14:21

(កាប៊ុល)៖ លោក ម៉ូហាំម៉ាដ អ៉ីឌ្រីស (Mohammad Idrees) ទេសាភិបាលស្តីទីនៃធនាគារកណ្តាលអាហ្វហ្កានីស្ថាន ដែលជាមន្រ្តីរដ្ឋាភិបាលតាលីបង់ បានចេញមុខធានាអះអាងនូវ សុវត្ថិភាពលុយកាក់របស់ប្រជាជនអាហ្វហ្កាស្ថាន ដែលរក្សាទុកនៅតាមធនាគារ បន្ទាប់ពីពួកគេបានសម្រុកទៅដកប្រាក់ ដោយសារតែក្តីព្រួយបារម្ភ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។

លោក អ៉ីឌ្រីស បានចេញសេចក្តីថ្លែងការណ៍មួយលើកឡើងយ៉ាងដូច្នេះថា «ធនាគារកណ្តាលអាហ្វហ្កានីស្ថាន សូមធានាអះអាងចំពោះ ប្រជាជនអាហ្វហ្កានីស្ថានទាំងអស់ថា គ្រប់ធនាគារនៅក្នុងប្រទេស សុទ្ធតែស្ថិតក្រោមការគ្រប់គ្រង និងតាមដានយ៉ាងដិតដល់ ហើយកំពុងធ្វើប្រតិបត្តិការយ៉ាងរលូន។ ធនាគារទាំងអស់ គឺមានសុត្ថិភាពពេញលេញ»

ការសេចក្តីថ្លែងការណ៍ខាងលើកើតមាន ស្របពេលដែលប្រជាជនអាហ្វហ្កានីស្ថានរាប់ពាន់នាក់ បាននាំគ្នាឈរតម្រង់ជួរ ដើម្បីរង់ចាំដកប្រាក់របស់ពួកគេចេញពីធនាគារ ចាប់តាំងពីក្រុមតាលីបង់ឡើងបានគ្រប់គ្រងប្រទេស កាលពីពាក់កណ្តាលខែសីហាមក។ សេចក្តីរាយការណ៍អំពី ការបង្កកទ្រព្យសម្បត្តិធនាគាររបស់អាហ្វហ្កានីស្ថាន ដោយសហរដ្ឋអាមេរិក និងការផ្អាកមូលនិធិដោយធនាគារពិភពលោក និងអង្គការ IMF បានជំរុញឲ្យប្រជាជនអាហ្វហ្កានីស្ថាន មានក្តីបារម្ភកាន់តែខ្លាំង៕