ទីបំផុតលោក ឌូតឺតេ យល់ព្រមធ្វើជាបេក្ខជនអនុប្រធានាធិបតី សម្រាប់បក្សកាន់អំណាច ក្នុងការបោះឆ្នោតឆ្នាំ២០២២
24-08-2021 15:38
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ទើបតែបានយល់ព្រមធ្វើជាបេក្ខជនអនុប្រធានាធិបតី របស់គណបក្សកាន់អំណាច ក្នុងការបោះឆ្នោតនាឆ្នាំ២០២២ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។
គណបក្ស PDP ឡាបាន (PDP-Laban) បានប្រកាសអំពីដំណឹងខាងលើ នៅមុនកិច្ចប្រជុំសភាមួយ ដែលត្រូវធ្វើឡើងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ជាពេលដែលគេរំពឹងថា បក្សកាន់អំណាចនេះនឹងប្រកាសពីការគាំទ្រឲ្យ លោក គ្រីស្តូហ្វឺ ហ្គោ (Christopher Go) ឬយើងអាចហៅយ៉ាងខ្លីថា បង ហ្គោ (Bong Go) ធ្វើជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតឆ្នាំ២០២២។ លោក Bong Go គឺជាអតីតជំនួយការពិសេសរបស់លោក ឌូតឺតេ ខណៈបច្ចុប្បន្នលោកក៏ជាសមាជិកមួយរូប នៅក្នុងព្រឹទ្ធសភាហ្វីលីពីនផងដែរ។
គួរបញ្ជាក់ថា នៅប្រទេសហ្វីលីពីន ប្រធានាធិបតីត្រូវបានកំណត់ឲ្យកាន់អំណាច បានត្រឹមមួយអាណត្តិប៉ុណ្ណោះ ប៉ុន្តែមួយអាណត្តិគឺមានរយៈពេលវែងរហូតដល់ ៦ឆ្នាំ។ អាណត្តិរបស់លោក ឌូតឺតេ នឹងត្រូវផុតនៅខែមិថុនា ឆ្នាំ២០២២ហើយ។
ទោះជាយ៉ាងនេះក្តី ការត្រៀមឈរឈ្មោះជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតឆ្នាំក្រោយបែបនេះ ត្រូវក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ យល់ឃើញថា ជាមធ្យោបាយមួយ ដើម្បីឲ្យលោក ឌូតឺតេ អាចនៅបន្តកាន់អំណាចពីក្រោយ ខណៈការស្ទង់មតិបានបង្ហាញថា លោកគឺជាប្រធានាធិបតីដ៏មានប្រជាប្រិយបំផុត សម្រាប់ប្រជាជនហ្វីលីពីនភាគច្រើន៕