Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទង់ជាតិចាស់របស់អាហ្វហ្គានីស្ថាន ក្លាយជានិមិត្តរូបនៃការប្រឆាំង ក្រោយតាលីបង់គ្រប់គ្រងប្រទេស (Video inside)

23-08-2021 17:17

(កាប៊ុល)៖ ក្រោយកាន់កាប់ប្រទេសបានកាលពីមួយសប្តាហ៍មុន ក្រុមសកម្មប្រយុទ្ធតាលីបង់ កំពុងព្យាយាមពង្រឹងអំណាចរបស់ខ្លួន នៅអាហ្វហ្គានីស្ថាន តាមគ្រប់មធ្យោបាយទាំងអស់ ក្នុងនោះរួមមានទាំងការប្រើទង់របស់ពួកគេផងដែរ។ នេះបើតាមការផ្សាយដោយ បណ្តាញព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។

ចាប់តាំងពីចូលគ្រប់គ្រងទីក្រុងកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ទង់ពណ៌សរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ បានក្លាយជាវត្ថុគេនិយមឃើញទូទៅ នៅទូទាំងអាហ្វហ្គានីស្ថាន ជំនួសទង់ជាតិ៣ពណ៌របស់អាហ្វហ្គាស្ថាន នៅតាមអគាររដ្ឋាភិបាល ស្ថានីយប៉ូលិស និងមូលដ្ឋានយោធា ជាដើម។ នៅតាមដងផ្លូវក្នុងទីក្រុងកាប៊ុល ទង់ពណ៌សនេះរបស់ក្រុមតាលីបង់ ក៏ត្រូវបានលក់ដាច់គួរសមផងដែរ។

យ៉ាងណាមិញ ទង់ជាតិចាស់៣ពណ៌ បានក្លាយជានិមិត្តរូបនៃការប្រឆាំងនឹងក្រុមតាលីបង់ សម្រាប់ប្រជាជនអាហ្វហ្គានីស្ថានជាច្រើនរូប ដោយវាត្រូវបានប្រើប្រាស់ កំលុងការតវ៉ាទ្រង់ទ្រាយតូចៗ ក្នុងពេលប៉ុន្មានថ្ងៃកន្លងទៅ។ កាលពីថ្ងៃបុណ្យឯករាជ្យសប្តាហ៍មុននេះ ប្រជាជនបាននាំគ្នាគ្រវីទង់ជាតិចាស់របស់អាហ្វហ្គានីស្ថាន ដើម្បីអបអរសាទរ នៅក្នុងទីក្រុងកាប៊ុល ចំពោះមុខក្រុមតាលីបង់ ដែលកំពុងតែល្បាតទៀតផង។

នៅសប្តាហ៍ដដែល ក៏មានសេចក្តីរាយការណ៍ថា ក្រុមតាលីបង់ បានធ្វើការបាញ់ប្រហារដើម្បីបំបែកក្រុមបាតុករ នៅទីក្រុង Jalalabad ភាគខាងកើតប្រទេស ដោយពួកគេបានសម្តែងការប្រឆាំងចំពោះ ការដោតទង់តាលីបង់ ជំនួសឲ្យទង់ជាតិចាស់។ មនុស្សមួយចំនួន ត្រូវគេរាយការណ៍ថា បានស្លាប់និងរបួសនាពេលនោះ៕