Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីបារាំង៖ «អាហ្វហ្គានីស្ថានមិនគួរក្លាយជា ជម្រកនៃភេរវកម្មម្តងទៀតឡើយ» (Video inside)

17-08-2021 09:15

(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បានថ្លែងសារមួយថា ប្រទេសអាហ្វហ្គានីស្ថានមិនគួរក្លាយជា «ជម្រកនៃអំពើភេរវកម្ម» សាជាថ្មីម្តងទៀត ដូចនៅមុនការវាយចូលមកដល់នៃសហរដ្ឋអាមេរិក កាលពី ២០ឆ្នាំមុននោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន France 24 នាព្រឹកថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។

លោក ម៉ាក្រុង បានថ្លែងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយមានការចេញផ្សាយ តាមកញ្ចក់ទូរទស្សន៍បារាំងទៀតថា «នេះគឺជាគន្លឹះសម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ... យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យប្រទេសរុស្ស៊ី, ចក្រភពអង់គ្លេស និងអឺរ៉ុបទាំងមូលសហការគ្នាប្រកបដោយប្រសិទ្ធភាព ព្រោះផលប្រយោជន៍របស់យើងគឺដូចគ្នា»

គួរបញ្ជាក់តាមការលើកឡើង ដោយប្រធានាធិបតីបារាំងថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នឹងរៀបចំកិច្ចប្រជុំមួយ នាពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញឲ្យមានគំនិតផ្តួចផ្តើមរួមគ្នា ទៅលើការដោះស្រាយវិបត្តិ ដែលកំពុងកើតមានឡើងនៅអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់ទទួលបានជ័យជម្នះ។

លោក ម៉ាក្រុង បានសង្កត់ធ្ងន់ជាចុងក្រោយថា ស្ថានការណ៍នៅអាហ្វហ្គានីស្ថាន គឺជាការប្រកួតប្រជែងដ៏សំខាន់បំផុត សម្រាប់សន្តិសុខរបស់យើង និងជាការប្រយុទ្ធប្រឆាំងអំពើភេរវកម្មដែលជាសត្រូវរួម៕