Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋ New South Wales របស់អូស្រ្តាលី ប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ដល់ទៅ៤៦៦នាក់ នៅថ្ងៃសៅរ៍នេះ (Video inside)

14-08-2021 14:42

(ញូសោតវែលស៍)៖ រដ្ឋញូវសោតវែលស៍ (New South Wales) នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤៦៦នាក់បន្ថែមទៀត ដែលជាតួលេខ «ខ្ពស់បំផុតមួយ» គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវមួយនេះ ខណៈរដ្ឋដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេសអូស្រ្តាលីមួយនេះ កំពុងស្ថិតនៅក្នុងវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងនៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។

អភិបាលរដ្ឋ New South Wales លោកស្រី គ្លេឌីស ប៊ឺរេជីកលាន (Gladys Berejiklian) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងស៊ីដនីថា «នេះគឺជាការលោតឡើងដ៏ខ្ពស់បំផុតមួយ ដែលយើងបានឃើញក្នុងរយៈពេលមួយយប់។ វាជារឿងត្រឹមត្រូវណាស់ដែលនិយាយថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាព ដែលយើងកំពុងជួបប្រទះនៅក្នុងរដ្ឋ New South Wales»

ទន្ទឹមនឹងនេះ ក្រុមមន្រ្តីក៏បានព្រមានថា ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅក្នុងរដ្ឋ អាចនឹងកើនឡើងបន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈពួកគេបានរាយការណ៍ថា មានអ្នកជំងឺ ០៤នាក់បន្ថែមទៀតបានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុប កំលុងការផ្ទុះឡើងចុងក្រោយ នៅក្នុងរដ្ឋនេះកើនឡើងដល់ ៤២នាក់ហើយ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers ប្រទេសអូស្រ្តាលី បានកត់ត្រានូវអ្នកឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៣៨,៦៥៨នាក់ ក្នុងនោះមានអ្នកស្លាប់ ៩៥៣នាក់ និងអ្នកជាសះស្បើយ ៣១,០១១នាក់៕