Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកមានផែនការ ដាក់បញ្ចូលក្រុមហ៊ុនចិនចំនួន១៤ទៀត ទៅក្នុងបញ្ជីខ្មៅទណ្ឌកម្ម

09-07-2021 11:49

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានផែនការបញ្ចូលក្រុមហ៊ុនរបស់ចិនចំនួន ១៤ ទៅក្នុងបញ្ជីខ្មៅជាប់ទណ្ឌកម្មសេដ្ឋកិច្ចពាក់ព័ន្ធនឹង ការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស នៅក្នុងតំបន់ស៊ីនជាំង ភាគពាយ័ព្យប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពពីមន្ត្រីពីររូប ដែលសុំមិនបញ្ចេញឈ្មោះ។ មន្ត្រីទាំងពីររូបនេះបានឱ្យដឹងទៀតថា ក្រុមហ៊ុនចិនទាំង ១៤ ខាងលើនឹងត្រូវបញ្ចូលទៅក្នុង បញ្ជីខ្មៅនៃក្រសួងពាណិជ្ជកម្មអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។ ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ពីឈ្មោះ នៃក្រុមហ៊ុនចិនទាំងនោះឡើយ។

គួរបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅ ក្រសួងពាណិជ្ជកម្មអាមេរិកធ្លាប់បានប្រកាសដែរថា ខ្លួននឹងបញ្ចូលក្រុមហ៊ុនចំនួន ០៥ និងអង្គភាពមួយចំនួនទៀតរបស់ចិន ទៅក្នុងបញ្ជីខ្មៅទណ្ឌកម្ម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋបាលលោក ចូ បៃដិន ឱ្យចិនទទួលខុសត្រូវ ចំពោះការចោទប្រកាន់ដោយអាមេរិកថា ចិនបានរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង។ ទោះជាយ៉ាង ទីក្រុងប៉េកាំងតែងតែបានចេញមុខច្រានចោលជារឿយៗ ចំពោះការចោទប្រកាន់បែបនេះ៕