Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុននឹងចាប់ផ្តើមចេញ «លិខិតឆ្លងដែនវ៉ាក់សាំង» ជូនប្រជាជន នៅខែក្រោយ ​(Video inside)

17-06-2021 13:58

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនគ្រោងនឹងចេញ «លិខិតឆ្លងដែនវ៉ាក់សាំង» ដែលជាឯកសារបញ្ជាក់ពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនខ្លួន នៅកំលុងខែកក្កដាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Japan Times នោថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។

លោក Katsunobu Kato អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ជំហានដំបូង លិខិតឆ្លងដែនវ៉ាក់សាំងនោះ នឹងត្រូវចេញក្នុងទម្រង់ជាក្រដាសផ្ទាល់ ប៉ុន្តែក៏នឹងអាចត្រូវចេញក្នុងទម្រង់ឌីជីថល នាពេលក្រោយផងដែរ។ អាជ្ញាធរជប៉ុនប្រចាំតំបន់នីមួយៗ នឹងចេញឯកសារនេះ ដោយប្រើប្រាស់កំណត់ត្រារបស់រដ្ឋាភិបាល ហើយវានឹងរួមមាននូវ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខលិខិតឆ្លងដែន កាលបរិច្ឆេទចាក់វ៉ាក់សាំង ព្រមទាំងឈ្មោះវ៉ាក់សាំង ទាំងជាភាសាជប៉ុននិងអង់គ្លេស។

គួរបញ្ជាក់ថា ក្រុមមេដឹកនាំវិស័យធុរកិច្ចនៅក្នុងប្រទេសជប៉ុន បានអំពាវនាវឲ្យមានការចាក់ចេញឯកសារបញ្ជាក់បែបនេះ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចត្រូវបានបើកឡើងវិញ។ ក្រៅពីជប៉ុន សហភាពអឺរ៉ុបក៏កំពុងពិចារណា អនុវត្តការចេញលិខិតឆ្លងដែនវ៉ាក់សាំងនេះដែរ។ គិតចាប់តាំងពីខែកុម្ភៈកន្លងទៅ រហូតមកទល់ពេលនេះ ជប៉ុនសម្រេចបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង២៦លានដូស ហើយប្រជាជនជាង៧.១លាននាក់ ក្នុងចំណោមប្រជាជនសរុបជាង ១២៦លាននាក់ ទទួលបានការចាក់គ្រប់ដូស៕