Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអ៊ុយក្រែន ចង់ឲ្យអឺរ៉ុប និងអាមេរិកធានាសន្តិសុខដល់ខ្លួន ក្រៅពីការចូលរួមក្នុងអង្គការ NATO

02-06-2021 18:13

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) បាននិយាយថា ការធានាសន្តិសុខដែលផ្ដល់ជូនដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក អាចនឹងក្លាយជាជម្រើសមួយផ្សេងទៀត ដែលមិនចាំបាច់តម្រូវឱ្យអ៊ុយក្រែន ត្រូវតែចូលរួមក្នុងអង្គការ NATO ឱ្យខាងតែបាននោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។

លោក Volodymyr Zelensky ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ ហ្វ្រេងហ្វឺតឺ ហ្សៃតាំង (Frankfurter Allgemeine Zeitung) នៅថ្ងៃអង្គារសប្ដាហ៍ នេះ។ លោក Zelensky បានលើកឡើងថា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកគួរតែផ្ដល់ការធានាខាងសន្តិសុខ ដើម្បីបិទបញ្ចប់ជម្លោះក្នុងតំបន់ ដុនបាស (Donbass), ឱ្យអ៊ុយក្រែនគ្រប់គ្រងទឹកដី ដែលបានបាត់បង់ឡើងវិញ ព្រមទាំងផ្ដល់នូវការធានាដល់សន្តិសុខ ផ្នែកថាមពលរបស់អ៊ុយក្រែន មុននឹងការដំណើរការគម្រោងបំពង់ឧស្ម័ន ណដ ស្ទ្រីម ២ (Nord Stream 2)។

គួរបញ្ជាក់ថា បើតាមលោក Volodymyr Zelensky លោកអាចនឹងលើកនឹងយកផែនការខាងលើ ទៅពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ការចូលរួមជាសមាជិកអង្គការ NATO គឺជាគោលនយោបាយការបរទេស អាទិភាពរបស់អ៊ុយក្រែន ដោយកាលពីខែកុម្ភៈ ឆ្នាំ២០១៩សភាអ៊ុយក្រែនបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបំពេញតាមលក្ខខណ្ឌចូលរួមក្នុងអង្គការ NATO៕