លោក ចូ បៃដិន ប្តេជ្ញាជួយកសាងតំបន់ Gaza ឡើងវិញ និងលើកឡើងជាថ្មីអំពី «ដំណោះស្រាយរដ្ឋពីរ» (Video inside)
22-05-2021 09:27
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្តេជ្ញាជួយកសាងតំបន់ ហ្គាហ្សា (Gaza) ឡើងវិញ ហើយលោកក៏បានលើកឡើងជាថ្មីផងដែរ អំពីដំណោះស្រាយរដ្ឋពីរ (Two-state solution)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។
លោក ចូ បៃដិន ក៏បានគូសបញ្ជាក់ផងដែរថា លោកបានប្រាប់ឲ្យអ៊ីស្រាអែលបញ្ឈប់ ការវាយប្រហារគ្នាទៅវិញទៅមក នៅតំបន់ជម្លោះនៃទីក្រុងហ្សេរុយសាឡឹម។ លោក ចូ បៃដិន ថែមទាំងបានបញ្ជាក់អំពី «គោលជំហរឥតងាករេ» របស់សហរដ្ឋអាមេរិក នៅក្នុងការការពារសន្តិសុខរបស់ប្រទេសអ៊ីស្រាអែល ហើយប្រធានាធិបតីអាមេរិករូបនេះ ក៏បានរំឮកថែមទៀតថា ប្រសិនបើប្រទេសទាំងអស់ក្នុងតំបន់ មិនទទួលស្គាល់វត្តមានរបស់អ៊ីស្រាអែល នោះសន្តិភាពនឹងមិនអាចកើតមានឡើយ។
គួរបញ្ជាក់ថា ដំណោះស្រាយរដ្ឋពីរ (two-state solution) ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ (UN) តាំងតែពីសម័យរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា មកម្ល៉េះ។ ដំណោះស្រាយអន្តរជាតិដ៏ធំមួយនេះបានចែងថា រដ្ឋអង្កេតការណ៍ប៉ាឡេស្ទីន និងប្រទេសអ៊ីស្រាអែល ត្រូវចែករំលែកទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានី ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕