Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាតំណាងរាស្ត្រអាមេរិកបើកដៃឱ្យស៊ើបអង្កេតជុំវិញការវាយប្រហារលើវិមានសភា ​​​​(Video inside)

20-05-2021 09:58

(វ៉ាស៉ីនតោន)៖ សមាជិកសភាតំណាងរាស្ត្រអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានបោះឆ្នោតបង្កើតគណៈកម្មការឯករាជ្យមួយដើម្បី ស៊ើបអង្កេតការវាយប្រហារដ៏សាហាវមួយទៅលើវិមានសភាអាមេរិក (US Capitol) កាលថ្ងៃទី០៦ ខែមករា ដោយអ្នកគាំទ្ររបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។

ក្នុងរយៈពេល ០២ថ្ងៃកន្លងមកនេះ ប្រធានសភាសំឡេងភាគតិច លោក ខេវិន ម៉ាខាធី (Kevin McCarthy) និងប្រធានព្រឹទ្ធសភាសំឡេងភាគតិច លោក មីច មែកខូននែល (Mitch McConnell) មកពីគណបក្សសាធារណរដ្ឋ បានរារាំងការអនុម័តសេចក្ដីព្រាងច្បាប់លើការបង្កើតគណៈកម្មការស៊ើបអង្កេតអំពើហិង្សាដែល បណ្តាលឱ្យមនុស្ស ០៥នាក់ស្លាប់ ក្នុងនោះរួមទាំងមន្ត្រីប៉ូលិសវិមានសភាអាមេរិកផងដែរ។

សភាតំណាងរាស្ត្របានបោះឆ្នោតក្នុងសំឡេងគាំទ្រ ២៥២ ទល់នឹង១៧៥សំឡេងប្រឆាំង ក្នុងការអនុម័តសេចក្ដីព្រាងច្បាប់លើការបង្កើតគណៈកម្មការនេះ។ ព្រឹទ្ធិសភាអាមេរិកនឹងធ្វើការបោះឆ្នោតដើម្បីអនុម័តសេចក្ដីព្រាងច្បាប់នេះវិញម្ដង ដោយលទ្ធផលយ៉ាងណា គេមិនទាន់ដឹងនៅឡើយទេ។

គួរបញ្ជាក់ថា នៅក្នុងព្រឹទ្ធសភាអាមេរិក ទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋមានសំឡេង៥០ស្មើគ្នា តែបក្សប្រជាធិបតេយ្យមានប្រៀបជាង ដោយសារនៅតែសល់មួយសំឡេងពីអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ដែលអាចបោះឆ្នោតប្រឆាំងនឹង គណបក្សសាធារណរដ្ឋដែលរារាំងលើការអនុម័តសេចក្ដីព្រាងច្បាប់នេះ។ យ៉ាងហោចណាស់ សំឡេងឆ្នោត ៦០សំឡេង ដើម្បីជំរុញការអនុម័តលើ សេចក្ដីព្រាងច្បាប់នេះ៕