Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការបរទេសអាមេរិក ចេញទៅអ៊ុយក្រែនដើម្បីសម្តែងការគាំទ្រ ក្រោយការប្រមូលផ្តុំកម្លាំងទ័ពរបស់រុស្ស៉ីបញ្ចប់ទៅវិញ ​​​​(Video inside)

06-05-2021 14:44

(កៀវ)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមដំណើរទស្សនកិច្ច នៅទីក្រុងកៀវ (Kyiv) ប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញការគាំទ្ររបស់ខ្លួន បន្ទាប់ពីប្រទេសរុស្ស៉ី បានដាក់ពង្រាយកងទ័ពនៅជិត ព្រំដែនភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅក្នុងការប្រឈមមុខគ្នា អស់រយៈពេលមួយសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០២១។

លោក Antony Blinken ត្រូវបានគេរំពឹងថានឹងជួបជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) ជាមួយការជំរុញឲ្យមានសាមគ្គីភាព ព្រមទាំងការអំពាវនាវឱ្យប្រទេសអ៊ុយក្រែន បន្តប្រកាន់ខ្ជាប់នូវមាគ៌ានៃការកែទម្រង់ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បន្ទាប់ពីមន្រ្តីផ្នែកថាមពលម្នាក់ ដែលមាននិន្នាការគាំទ្រកំណែទម្រង់ ត្រូវបានបណ្តេញចេញពីតំណែង។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានសន្យាផ្តល់ការគាំទ្រដោយមិនផ្លាស់ប្តូរ ដល់លោក Volodymyr Zelenskiy កាលពីខែមេសា ខណៈទីក្រុងកៀវ និងទីក្រុងម៉ូស្គូបានទម្លាក់កំហុសទៅវិញទៅមក ចំពោះការប៉ះទង្គិចគ្នានៅតំបន់ ដុនបាស (Donbass) ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ហើយប្រទេសរុស្ស៊ីបានដាក់ពង្រាយកងទ័ព និងអាវុធទៅកាន់ព្រំដែននោះ។

គួរបញ្ជាក់ថា ទីក្រុងម៉ូស្គូបានប្រកាសដកកងទ័ពរបស់ខ្លួនចេញពី ក្បែរតំបន់ភាគខាងកើតអ៊ុយក្រែនវិញ កាលពីថ្ងៃទី២២ ខែមេសា ដែលវាជួយត្រួសត្រាយផ្លូវសម្រាប់ជំនួបកំពូល រវាងលោកប្រធានាធិបតីអាមេរិក បៃដិន និងលោកប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដែលអាចនឹងកើតឡើងនៅដើមខែមិថុនា ខាងមុខនេះ៕